អាជ្ញាធរខេត្ត​ប៉ៃលិន ​ស្នើ​ភាគី​ថៃ ​ជួយ​សម្រួល​ដល់​ការ​នាំ​កសិផល​ខ្មែរ​ ទៅកាន់​ទីផ្សារ​ថៃ

736

ប៉ៃលិន ៖ ​ខណៈ​ការ​ដាំ​ដំណាំ​ផ្លែឈើ​ចម្រុះ​ក្នុង​ខេត្ត​ប៉ៃលិន​ កាន់តែ​ច្រើនឡើងៗ ​ហើយ​ទីផ្សារ​ក្នុងស្រុក​ នៅមានកម្រិត​នៅឡើយ​ ឯកឧត្តម ផាន់ ចាន់​ធុល ​អភិបាលខេត្ត​ប៉ៃលិន ​បានស្នើ​អាជ្ញាធរខេត្ត ​ចាន់​បុរី នៃ​ប្រទេស​ថៃ​ឱ្យ​ជួយ​សម្រួល​ដល់​ការនាំចេញ​ផ្លែឈើ​មួយ​ចំនួន​ចូល​ទៅ​ប្រទេស​ថៃ​ ដែល​សម្បូរ​ទីផ្សារ​។

មន្ត្រី​សាលាខេត្ត​ប៉ៃលិន​ បាន​ថ្លែងឱ្យដឹងថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ចាន់​បុរី ​កាលពី​ចុង​សប្ដាហ៍ ​កន្លងទៅ ​ឯកឧត្តម ផាន់ ​ចាន់​ធុល ​បាន​មានប្រសាសន៍ថា​ ការដឹកនាំ​ប្រតិភូ​ទៅ​ខេត្ត​ចាន់​បុរី ដែលជា ​ខេត្ត​ជាប់​ព្រំដែន​នឹង​ខេត្ត​ប៉ៃលិន ​គឺ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិការ​ នៃ​ខេត្ត​ទាំងពីរ ឲ្យ​កាន់​តែ​មាន​ភាព​ល្អប្រសើរ​ឡើង​ថែមទៀត ។

ក្នុងឱកាស​នោះដែរ ​ឯកឧត្តម​​ ក៏បាន​ជំរុញ​ឲ្យ​មាន​ទំហំ​ពាណិជ្ជកម្ម​នៃ​ខេត្ត​ទាំងពីរ​ឲ្យ​កាន់តែ​កើនឡើង និង​បាន​ស្នើ​ទៅ​អាជ្ញាធរខេត្ត​ចាន់​បុរី ជួយ​សម្រួល​ដល់​ការនាំចេញ​កសិផល​ក្នុង​ខេត្ត ពិសេស​ស្វាយកែវ​រមៀត ​និង​មៀន​ប៉ៃលិន ​ខណៈ​ដំណាំ​ទាំងពីរ​ប្រភេទ​នេះ​នៅក្នុង​ខេត្ត​ប៉ៃលិន​មាន​ប្រជាពលរដ្ឋ​ដាំ​កាន់តែច្រើន ។

មន្ត្រី​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា ​ក្រៅពីនោះ ​ឯកឧត្តម ផាន់ ចាន់​ធុល ក៏បាន​ស្នើ​ទៅ​ភាគី​ថៃ​ឱ្យជួយ​ពន្លឿន​ការ​កសាង​ស្ពាន​ឆ្លង​ព្រំដែន ​នៃ​ខេត្ត​ទាំងពីរ ​ដើម្បី​ងាយស្រួល​ដល់​ការ​ឆ្លង​ដែន​របស់​ពល​រដ្ឋ​ទាំងពីរ​ប្រទេស ​និង​ជួយ​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​។ ​ ​ឯកឧត្តម​ ក៏បាន​សន្យា​រួមគ្នា​ជាមួយ​អាជ្ញាធរ​ថៃ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​នានា​ នៃ​ខេត្ត​ជាប់​ព្រំដែន​នឹង​គ្នា​នេះ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ផងដែរ​។

ថ្លែង​ក្នុងជំនួប​នោះដែរ​ ឯកឧត្តម វី​ធូ​រ៉ាត់ ស្រ៊ី​ណា​ម អភិបាលខេត្ត​ចាន់​បុរី ​បាន​សន្យា​ខិតខំ​សហប្រតិបត្តិការ ​និង​ដោះស្រាយ​នូវ​រាល់​សំណូមពរ​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច​របស់​ខេត្ត ចំណែក​បញ្ហា​មួយ​ចំនួនទៀត​ ឯកឧត្តម ​បាន​សន្យាថា ​នឹង​នាំ​យក​នូវ​រាល់​សំណូមពរ​ទាំងអស់នេះ ​ពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ​និង​ថ្នាក់ដឹកនាំ ​ព្រមទាំង​រាជរដ្ឋាភិបាល​ថៃ ដើម្បី​រក​លទ្ធភាព​ និង​ដំណោះស្រាយ ​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ ឱ្យបាន​កាន់តែ​ល្អប្រសើ​ឡើង​ថែម ទៀត​។

កសិផល​របស់​ប្រជាកសិករ​នៅ​ខេត្ត​ប៉ៃលិន​មានដូចជា ដំឡូង​មី ​ពោត ស្វាយកែវ​ល្មៀត និង​ផ្លែ​មៀន​ប៉ៃលិន​ជាដើម គឺ​ពឹង​ផ្អែក​ទៅលើ​ទីផ្សារ​ប្រទេស​ថៃ ហើយ​តែង​តែ​មាន​បញ្ហា​ចំពោះ​តម្លៃ​នៅ​ពេល​ប្រមូល​ផល​ម្តងៗ​ ដែល​បញ្ហា​នេះ គឺជា​កង្វល់​របស់​អាជ្ញា​ធរ​ខេត្ត ៕