ពលរដ្ឋ​ស្នើឱ្យ​សាងសង់​ផ្លូវ​នៅ​ចំណុច​ច្រក​សំឡូត​-​ប​រ៉ៃ​ ដើម្បី​ទាំង​ពលរដ្ឋ​កម្ពុជា​ និង​ថៃ​ងាយ​ធ្វើដំណើរ​ទៅមក

99

បាត់ដំបង ៖ ​ ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​ដែល​កំពុង​ឈរជើង​ការពារ​នៅ​ច្រកព្រំដែន​តំបន់​៤០០ ស្ថិតក្នុង​ស្រុ ក​សំឡូត ​ខេត្តបាត់ដំបង ទល់មុខ​នឹង​ស្រុក​ប​រ៉ៃ ខេត្ត​ត្រាត​ នៃ​ប្រទេស​ថៃ បានស្នើ​ទៅ​រាជរដ្ឋាភិបាល​ជួយ​ធ្វើ​ផ្លូវ​ត​ភ្ជាប់​ចំណុច​ឆ្លង​ចូល​ប្រទេស​ថៃ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ប្រកបការងារ​ផ្សេងៗ ​របស់​ពលរដ្ឋ​ទាំងពីរ​ប្រទេស ​ក៏ដូចជា​បម្រើ​ដល់​ផលប្រយោជន៍​ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ​។

អនុសេនីយ៍ឯក ម៉ី ណាន់ នាយប៉ុស្តិ៍​នគរបាល​ច្រក​តំបន់​៤០០ បាន​ឲ្យ​ដឹងថា ​ស្ថានភាព​ផ្លូវ​នៅ​ច្រក​៤០០​នេះ មានការ​លំបាក​ប្រវែង​ជិត​១០០០​ម៉ែត្រ ​ហើយ​ខែ​ដែល​ធ្វើដំណើរ​ពិបាក​ជាងគេ​ គឺ​នៅ​រដូវវស្សា​នេះឯង​ ដោយមាន​សភាព​រអិលខ្លាំង​ និង​ផ្លូវ​មាន​លក្ខណៈ​ចោទ​ទៀតផង​។ ​ដោយ​បារម្ភ​ខ្លាច​អ្នក ដំណើរ ​ក៏ដូចជា​ពលរដ្ឋ​នានា​មាន​គ្រោះថ្នាក់ ​ទើប​នគរបាល​ដែល​ឈរជើង​នៅ​ទីនោះ​ បាននាំគ្នា​ប្រមែប្រមូល​ថវិកា ​ដើម្បី​ចាក់​ធ្វើ​ផ្លូវ​ឲ្យ​ស្រួល​ធ្វើដំណើរ ។

លោក​ បន្តថា ការចាក់​បេតុង​ធ្វើ​ផ្លូវ​នេះ ​មិនមាន​លក្ខណៈ​តាម​ស្តង់ដារ​នោះទេ ​ទើប​ធ្វើ​ឲ្យ​រង​ការ​ខូចខាត​ទៅវិញ​ក្រោយ​ការសាងសង់​មិន​ដល់​មួយឆ្នាំ​ផង​។

ពលរដ្ឋ​ជា​អ្នក​រត់​តាក់ស៊ី​នៅ​ច្រក​៤០០​ បានឱ្យដឹង​ដែរ​ថា ​ពួកគាត់​ពេញចិត្ត​នឹង​សកម្មភាព​របស់​សមត្ថ​កិច្ច​នៅ​ច្រក​៤០០ ​ដែល​តែងតែ​ធ្វើ​ផ្លូវ​នៅ​ចំណុច​ឆ្លង​ចូល​ទៅ​ថៃ​នេះ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​បាន​ស្រួល ប៉ុន្តែ​ការ​ជួសជុល​នេះ ​មិន​បានល្អ​១០០​ភាគរយ​ទេ ​ទើប​ពួកគាត់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​អភិវឌ្ឍន៍​ផ្លូវ​នេះ​។

សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ច្រកទ្វា​តំបន់​៤០០​ បាន​ឲ្យ​ដឹង​បន្ថែមថា ​ច្រក​នេះ ​គឺ​ត្រូវបាន​ព្រម​ព្រៀងគ្នា​រួចរាល់​ហើយ ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ​និង​អាជ្ញាធរ​ថៃ​ ក្នុង​ការ​កំណត់​ព្រំដែន​ឲ្យ​មាន​ភាព​ច្បាស់លាស់ ដែល​សញ្ញា​វិជ្ជមាន​នេះហើយ​ ទើប​ធ្វើ​ឲ្យ​មាន​ពលរដ្ឋ​មានការ​ឆ្លងកាត់​ច្រើន ​ពិសេស​នៅ​រៀងរាល់ថ្ងៃ​ពុធ ​ ឬ​ថ្ងៃបុណ្យ​ធំៗ​ គឺ​ខាង​ភាគី​ថៃ បាន​បើក​ឲ្យ​ពលរដ្ឋ​កម្ពុជា​ បាន​ទៅ​កម្សាន្ត​នៅ​ប្រទេស​ថៃ និង​ទិញ​ផលិត ​ផល​ផ្សេងៗ​ដោយ​សេរី​ផងដែរ ៕