មន្ទីរ​ជំនាញ​សុរិយោដី ខេត្ត​កណ្តាល ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ផ្សព្វផ្សាយ​ការប្រើប្រាស់​ដី និង​ដី​ចំណីផ្លូវ

114

កណ្តាល៖ តំណាង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់​ខេត្តកណ្តាល ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​ឃុំ​ទាំងអស់ នៅ​ស្រុក​ល្វាឯម ជួយ​ផ្សព្វផ្សាយ អំពី​ការប្រើប្រាស់​ដីធ្លី និង​ប្រភេទ​ដី​ចំណី​ផ្លូវ ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យ​ផល ឲ្យ​ប្រជាជន​បាន​យល់ ដើម្បី​ចៀសវាង​ការ​ប៉ះពាល់ នៅ​ពេល​រដ្ឋ​ត្រូវការ​អភិវឌ្ឍន៍​។​

លោក វ៉ាន់ វ៉ាត អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់​ខេត្ត​កណ្តាល បានលើកឡើង នៅ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​កែសម្រួល​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ប្លង់​គោល​ប្រើប្រាស់​ដី រវាង​មន្ទីរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ស្រុក​ល្វាឯម នៅ​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់​ខេត្ត នា​ព្រឹក​ថ្ងៃទី​៣០ ខែ​កក្ត​ដា ឆ្នាំ​២០១៩ នេះ​ថា ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ឲ្យ​កាន់តែ​រីកចម្រើន រាជរដ្ឋាភិបាល​បាន​ពង្រឹង​ការគ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី​ឱ្យ​ចំ​គោលដៅ ជាង​នេះទៅទៀត មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​ទប់ស្កាត់​សំណង់ និង​លំនៅដ្ឋាន​ខុសច្បាប់ (​មិន​គោរព​តាម​ប្លង់គោល ឬ​មិន​សុំច្បាប់ និង​ខុស​បច្ចេកទេស ខុស​ប្លង់​អនុញ្ញាត​ជា​ផ្លូវការ និង​សង់​មុន​សុំច្បាប់​ជាដើម​)។​

​​​ពាក់ព័ន្ធ​បញ្ហា​នេះ លោក វ៉ាន់ វ៉ាត ស្នើរ​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ​ទាំងអស់ នៅ​ក្នុង​ស្រុក​ល្វាឯម ក៏ដូចជា​តាម​បណ្តា​ស្រុក​ផ្សេងៗ នៅក្នុង​ខេត្តកណ្តាល ធ្វើយ៉ាងណា​ទប់ស្កាត់​អោយ​បាន​មុន​ពេល​ដែល​ប្រជាជន​សាងសង់ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការសាងសង់​លើដី​ចំណីផ្លូវ​ជាដើម​។ ចំណែក​ការរៀបចំ​ប្លង់គោល​ប្រើប្រាស់​ដី និង​ការរៀបចំ​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ត្រូវមាន​កិច្ច​សហការ​គ្នា​អោយបាន​ល្អ ដើម្បី​ឈានទៅ​រៀបចំ​ប្លង់គោល​បាន​ស្អាត និង​ការរៀបចំ​ផែនទី​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​សមស្រប ក្នុងនោះ​ទំនាស់​បញ្ហាដីធ្លី និង​ការប្រើ​ដី​ចំណីផ្លូវ នឹង​ថយចុះ​ជា​អត​បរមា​។​

​​​លោក បាន​បញ្ជាក់​ថា ជុំវិញ​បញ្ហាដីធ្លី​នេះ នៅពេល​ប្រជាពលរដ្ឋ​សុំ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី មន្ទីរជំនាញ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង​សំណង់ នឹង​កាត់​ដី​ចំណីផ្លូវ មកជា​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ ដើម្បី​ចៀសវាង​ផលប៉ះពាល់​ផ្សេងៗ នៅពេល​រដ្ឋ​ត្រូវការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ។ ក្នុងករណី​រដ្ឋ​ពុំទាន់​អភិវឌ្ឍន៍ ប្រជាពលរដ្ឋ​មាន​សិទ្ធ​អាស្រ័យ​ផល​លើដី​នោះបាន ប៉ុន្តែ​មិនអាច​អនុ​ញា​ត្ត​ឲ្យ​សាងសង់​សំណង់​ផ្សេងៗ​នោះឡើយ ៕​