កម្ពុជា​លើកទឹកចិត្ត​ឱ្យ​មាន​ក្រុមហ៊ុន​កែច្នៃ​សំរាម​ តែ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​សំរាម​ប្លា​ស្ទិ​ក​នោះទេ​

184

ភ្នំពេញ ៖ ​ ក្នុងឱកាស​សន្និសីទ ​សារព័ត៌មាន​រួមមួយ ​ស្ដីពី​កាកសំណល់​ប្លា​ស្ទិ​ក​ ចំនួន ៨៣​កុងតឺន័រ អង្គភាព​គយ​ នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​និង​ក្រសួងបរិស្ថាន ​បាន​បង្ហាញ​ជំហរ​ លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើត​រោងចក្រ​កែច្នៃ ​សំរាម​ប្លា​ស្ទិ​ក នៅ​កម្ពុជា ​តែ​ពុំ​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​សំរាម​ប្លា​ស្ទិ​ក​ ពី​បរទេស​ជាដាច់ខាត​។

ទាក់ទង​នឹង​បញ្ហា​សំរាម​ប្លា​ស្ទិ​ក ក្នុងឱកាស​សន្និសីទ​រួម​ នា​រសៀល​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន និង​ឯកឧត្តម ​គុណ ញឹម ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​គាំទ្រ​ឱ្យមាន​ការបង្កើត​រោងចក្រ​ កែច្នៃ​សំរាម​ប្លា​ស្ទិ​ក​។

ឯកឧត្តម នេ​ត ភក្ត្រា បញ្ជាក់ថា ​ក្រសួង​លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើត​រោងចក្រ​កែច្នៃ​ឡើង​សម្រាប់​ដោះស្រាយ​ បញ្ហា​សំរាម​ប្លា​ស្ទិ​ក​ ដែលមាន​ស្រាប់​នៅ​កម្ពុជា ​តែ​ពុំ​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​សំរាម​ប្លា​ស្ទិ​ក ​ពី​បរទេស​ជាដាច់ខាត​។

ការហាមឃាត់​មិនឱ្យ​មានការ​នាំចូល​កាកសំណល់​ចូល​មក​កម្ពុជា​នេះ ​គឺធ្វើឡើង​ទៅតាម​លិខិត​បទដ្ឋាន​គតិយុត្តិ ​ និង​ច្បាប់​របស់​កម្ពុជា​។​ ឯកឧត្តម គុណ ញឹម ​បញ្ជាក់ថា ​កាកសំណល់​ប្លា​ស្ទិ​ក គឺជា​មុខទំនិញ​ហាម​នាំចូល​ ហើយ​រដ្ឋាភិបាល​មិន​លើកលែង​ចំពោះ​ក្រុមហ៊ុន​ ដែល​លួច​បន្លំ​នាំ​សំរាម​ប្លា​ស្ទិ​ក​ ចូលមក​កម្ពុជា​នោះទេ​ ។ តាមច្បាប់​គឺ​តម្រូវ​ឱ្យ​ក្រុមហ៊ុន បញ្ជូន​សំរាម​ប្លា​ស្ទិ​ក ​ទៅ​ប្រទេស​ដើម​វិញ ហើយ​ក្រុមហ៊ុន​នោះ ​ក៏ត្រូវ​ជាប់​រង​ពិន័យ​ផងដែរ។

ជាក់ស្ដែង​សម្រាប់​ក្រុមហ៊ុន ជុង​យៀន ប្លា​ស្ទិ​ក មេ​នូ​ហ្វេ​ក​ឈ័​រ ​(Chunyuen Plastic Manufacture CO.,LTD )​ជា​អ្នក​នាំចូល​សំរាម​ប្លា​ស្ទិ​ក​ទាំង ​៨៣​កុងតឺន័រ ​ពី​ប្រទេស​អាមេរិក ​និង​កាណាដា ​បាន​ជាប់​ពិន័យ​ជា​ទឹកប្រាក់​ចំនួន មួយ​ពាន់​សាមសិប​ប្រាំ​ពីរលាន ​ហាសិប​ម៉ឺន​រៀល ​និង​ត្រូវ​បញ្ជូន​សំរាម​ទាំងនោះ​ ទៅ​ប្រទេស​ដើម​វិញ ត្រឹម​ថ្ងៃទី ២៤ ​ខែសីហា ជា​កំហិត​។​ ជុំវិញ​បញ្ហា​សំរាម ឯកឧត្តម នេ​ត ភក្ត្រា បញ្ជាក់ថា ​កម្ពុជា​បង្កើត​សំរាម​ប្រមាណ ជាង​ ១​ម៉ឺន​តោន ក្នុង​មួយថ្ងៃៗ​៕