ក្រុម​កីឡា​គប់​ថាស​ហោះ​កម្ពុជា SWA Ultimate ​បារម្ភ​ខ្លាច​មិន​បាន​ចេញ​ទៅ​ការពារ​តំណែង​ជើងឯក​

158

កីឡា​ថាស​ហោះ៖ SWA Ultimate គឺជា​ក្រុម​កីឡា​គប់​ថាស​ហោះ​កម្ពុជា ដែល​គ្រង​តំណែង​ជើងឯក​ការប្រកួត Mekong Cup 2018 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០១៨ ​កន្លងទៅ​។​ យ៉ាង​ណា​មិញសម្រាប់​ការប្រកួត​កីឡា​គប់​ថាស​ហោះ​ជើងឯក Mekong Cup 2019 នឹង​ធ្វើ​នៅ​ប្រទេស​ថៃ ខណៈ​ដែលក្រុម​ជើងឯក​ឆ្នាំ​ចាស់​កម្ពុជាបារម្ភ​ខ្លាច​ មិនបាន​ទៅ​ចូលរួម​ប្រកួត​ការពារ​តំណែងជើងឯក ដោយសារ​ខ្វះខាត​ថវិកា​។

លោក យឺន សុវណ្ណ​រាជ ប្រធាន​ក្រុមកីឡា​គប់​ថាស​ហោះ​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន និង​បណ្ដា​ក្រុមហ៊ុន​ឯកជន​សុំ​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា​ ដើម្បី​ទទួល​បាន​ឱកាស​ដឹកនាំ​កីឡាករ​-​កីឡា​ការិនី​ប្រមាណ​ជាង ​២០​រូប​ទៅ​ការពារ​តំណែង​ជើងឯក​កីឡា​គប់​ថាស​ហោះ Mekong Cup លើក​ទី​៨ នៅ​ព្រះរាជាណាចក្រ​ថៃ​។​ ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ប្រសិនបើ​រក​ជំនួយ​ពុំបាន​ទាន់​ពេលវេលា​ទេ​នោះ ក្រុម​របស់​ខ្លួន​អាច​នឹង​ពុំ​មាន​លទ្ធភាព​ចេញទៅ​ចូលរួម​ការប្រកួត Mekong Cup នោះ​ទេ​។ ទាំង​អស់​នេះ​គឺជា​ក្តី​បារម្ភ​ខ្លាំង​មួយ ​សម្រាប់​ក្រុម​កី​ឡ​ថា​សហោះ​កម្ពុជា​។​

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​ជើងឯក​កីឡា​គប់​ថាស​ហោះ Mekong Cup លើក​ទី​៨ ​ដែល​ថៃ​នឹង​ធ្វើ​ម្ចាស់ផ្ទះ ក្រុម​កម្ពុជា​បាន​ត្រៀម​កីឡាករ​-​​កីឡា​ការិនី​ប្រមាណ​ជាង​ ២០​រូប​ឱ្យ​ទៅ​ចូលរួម​។ ការប្រកួត​លើក​នេះក្រុម​កម្ពុជានឹង​ត្រូវ​ការពារ​ដំណែង​ជើ​ឯក​របស់​ខ្លួន​៕