ទោះ​ដឹកនាំ​អាមេរិក​ឈ្នះ World Cup ពីរ​លើក​ជាប់​គ្នា​ក៏ដោយ Jill Ellis សំរេច​ចិត្ត​លាលែង​ពី​តំណែង​គ្រូ​បង្វឹក​

325

បាល់ទាត់៖ ​លោកស្រី Jill Ellis បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា នឹង​ចាក​ចេញពី​តំណែង​គ្រូ​បង្វឹក​បាល់ទាត់​ស្ត្រី​ក្រុម​ជំរើស​ជាតិ​អាមេរិក ទោះបី​ទើប​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​បាល់ទាត់​ពិភពលោក 2លើក​ជាប់​គ្នា​ក៏ដោយ​។

​​Jill Ellis ដែល​កើត​នៅ Portsmouth ទឹកដី​អង់គ្លេស​ មុន​ពេល​ផ្លាស់​ទៅ​រស់នៅ​អាមេរិក​តាំង​ពី​ក្មេង ត្រូវ​បាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ស្ត្រី​ជំរើស​ជាតិ​អាមេរិក​កាលពី​ឆ្នាំ​2014 និង​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ជើងឯក​ពិភពលោក​នៅ​ឆ្នាំ​2015 ជា​លើកដំបូង​សំរាប់​អាមេរិក ​ក្រោយ​ខកខាន​រយៈពេល 16​ឆ្នាំ​ដោយ​យកឈ្នះ​ជប៉ុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​ក្រោយមក​អាមេរិក​ក៏​អាច​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន ​បាន​សំរេច​ដោយ​យកឈ្នះ​ហូ​ឡង់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ 2-0 នៅ​លើ​ទឹកដី​បារាំង​។

​​កិច្ចសន្យា​របស់​លោក​ស្រី Jill Ellis នឹង​អស់​សុពលភាព​នៅ​ខែ​តុលា​ខាងមុខ ខណៈ​លោកស្រី​មាន​ស្ថិតិ​ដឹកនាំ​ក្រុម​អាមេរិក​ឈ្នះ 102ប្រកួត ស្មើ7 និង​ចាញ់18 ក្នុង​រយៈពេល 5ឆ្នាំ​ក្នុង​អាជីព​នេះ​។ ​Jill Ellis គឺជា​គ្រូ​បង្វឹក​ដំបូង​ដែល​ដឹកនាំ​ក្រុម​ស្ត្រី​ឈ្នះ​ជើងឯក World Cup ពីរ​លើក និង​ធ្លាប់​ឈ្នះ​ពាន​កិត្តិយស​គ្រូ​បង្វឹក​ឆ្នើម​របស់ FIFA និង CONCACAF ផង​ដែរ​កាលពី​ឆ្នាំ​2015

អត្ថបទ​៖​នាង សុភា​វុ​ធ