ពាណិជ្ជករ​កម្ពុជា​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​បន្ថែម​ដល់​អ្នក​វិនិយោគ​បរទេស

199

ភ្នំពេញ ៖ ​សេដ្ឋវិទូ​កម្ពុជា ​និង​ពាណិជ្ជករ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​លើកទឹកចិត្ត​បន្ថែម​ទៀត​ ដល់​អ្នក​វិនិយោគ​បរទេស ខណៈដែល​ សហរដ្ឋអាមេរិក​កំពុងតែ​ជម្លោះ​ពាណិជ្ជកម្ម​ និង​ប្រទេស​ចិន​នោះ​។

លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​ កម្ពុជា ​បាន​ថ្លែង​ឲ្យ​ដឹងថា​ រាជរដ្ឋាភិបាល​កម្ពុជា ​​ត្រូវតែ​លើកទឹកចិត្ត​បន្ថែម​ទៀត​ ដល់​អ្នក​វិនិយោគ​បរទេស ​ដើម្បី​ទាញ​យក​ឱកាស​នេះ​ឲ្យ​បាន ខណៈ​បច្ចុប្បន្នភាព ​នៃ​ជម្លោះ​ពាណិជ្ជកម្ម ​រវាង​មហាអំណាច ​​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​ពីរ ដែល​កំពុង​ប្រឈម​មុខ​ដាក់គ្នា​នៅ​ស្ទើរ​គ្រប់​វេទិកា​នានា​ ជុំវិញ​តំបន់ ​និង​ពិភពលោក​នោះ​។

លោក​ឧកញ៉ា ​បាន​ថ្លែង​ទៀតថា ​តាមពិត​កម្ពុជា​ប្រៀប​បាន​ដូចជា​ស្រមោច ​គឺ​ធ្វើ​យ៉ាង​ត្រូវ​ចេះ​រស់​តាម​បែប​ផែន​របស់​ស្រមោច​ផងដែរ ​ហើយ​ក្នុង​សភាពការណ៍​ប្រទេស​អាមេរិក ​និង​ចិន​កំពុង​តែ​មាន​ជម្លោះ​នោះ ដើម្បី​ទទួល​បាន​ការវិនិយោគ​បាន​នោះ ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​រៀបចំខ្លួន​ជាស​ម្រេច​ទាំង​គោលនយោបាយ​អនុគ្រោះ ​និង​សម្រួល​បរិយាកាស​វិនិយោគ​ឲ្យ​បានល្អ​ប្រសើរ​។

អ្នកវិនិយោគ​ ខាងលើ​បន្ថែមថា ​ ការពង្រឹង​ផ្ទៃក្នុង​របស់​កម្ពុជា​ និង​ការសម្រួល​ដល់​ការវិនិយោគ​ពី​ប្រទេស​ចិន​គឺជា​រឿង​សំខាន់ ​ហើយ​ធ្វើយ៉ាង​ណា​អាច​ស្រូប​ទាញ​លំហូរ​ទុន​ពី​បរទេស​ឲ្យ​បាន​ច្រើន​បន្ថែមទៀត ​ហើយ​ធ្វើយ៉ាង​ណា​ត្រូវ​ពង្រឹង​ការ​អភិវឌ្ឍ​ក្នុងស្រុក និង​ការកែច្នៃ​ផលិតផល ដែល​មាន​ស្រាប់ ដើម្បី​ប្រកួតប្រជែង​ និង​ផលិតផល​ពី​ក្រៅប្រទេស​។

សម្រាប់ ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​និង​ស្រាវជ្រាវ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) ​បាន​ចាត់ទុកថា​«​បញ្ហា​​សកលភាវូបនីយកម្ម ​ដែល​នាំមក​នូវ​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន ​សម្រាប់​ប្រទេស​កម្ពុជា ​ដែលជា​ប្រទេស​តូច នៅពេលដែល​មហាអំណាច​ទាំងពីរ​លើ​សាកលលោក​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា​នោះ ​ហើយ​ជម្លោះ​នេះ ​នាំ​ផល​ប៉ះពាល់​ទាំង​អស់គ្នា​មិនមែន​តែ​ប្រទេស​កម្ពុជា​នោះទេ​»​

បច្ចុប្បន្ននេះ អ្នកវិនិយោគ​ចិន​វិនិយោគ​លើ​វិស័យ​មួយចំនួន ​រួមមាន កម្មន្តសាល ​សំណង់ វាយនភណ្ឌ និង​ថាមពល​អគ្គិសនី ​និង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ចិន​វិនិយោគ​លើ​វិស័យ​សំណង់ ​និង​អចលវត្ថុ​កម្ពុជា​ឈានមុខ​គេ​។

តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ និង​ចិន​ បាន​ធ្វើ​ឲ្យ​ទំហំ​ទុន​វិនិយោគ​របស់​ចិន​ នៅ​កម្ពុជា​កើន​ដល់​៦៨០០ ​លាន​ដុល្លារ​អាមេរិក ​កាលពី​ដំណាច់ឆ្នាំ​២០១៨​ថ្មីៗ​នេះ ​ហើយ​ទំហំ​វិនិយោគ​បាន​ស្ទុះ​ឡើង​រហូតដល់​ប្រមាណ​៦,៨​ពាន់​លាន​ដុល្លារ ​ កើន​ប្រមាណ​៧% ធៀប និង​ឆ្នាំ​២០១៧​ ក្នុងនោះ​ ប្រទេស​ចិន​បន្ត​ស្ថិតនៅ​ជា​ប្រទេស​នាំមុខ​ ដែល​បាន​បណ្តាក់​ទុន​វិនិយោគ​ធំជាង​គេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​៕