កង​រក្សា​សន្តិភាព​កម្ពុជា​ត្រូវ​ឆ្លើយតប​ឱ្យបាន​ទាន់ពេល​ចំពោះ​ទង្វើ និង​ព័ត៌មាន​ណា​ដែល​ចង់​បំផ្លាញ​សុខ សន្តិភាព​នៅ​កម្ពុជា

282

ភ្នំពេញ ​៖ នៅ​ថ្ងៃទី​១ ខែសីហា​ ក្រសួងការពារជាតិ​បាន​ប្រារព្ធ​ពិធី​ជូន​ដំណើរ​កង​កំលាំង​កង​អាវុធហត្ថ​ប្រមា ណ​៧៣​រូប ​ចូលរួម​បំពេញបេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​។

នៅក្នុង​ពិធី​ជូន​ដំណើរ​នេះ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ​បាន​ស្នើ​អោយ​បណ្តា​កង​កំលាំង​ទ័ព​មួក​ខៀវ​កម្ពុជា ​ដែល​កំពុង​ឈរជើង​បំពេញបេសកកម្ម​នៅ​ក្រៅ​ប្រទេស ​សូម​ជួយ​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា ​ករណី​ព័ត៌មាន​ណា​ ដែល​ផ្សាយ​មិន​ពិត​ពី​កម្ពុជា​បំណង​បំផ្លាញ​តម្លៃ​សុខ​សន្តិភាព​និង​ការ​ទំនាក់ទំនង​នៅ​កម្ពុជា​។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ​ទេស​រដ្ឋ​មន្ត្រី ​ទទួលបន្ទុក​ការងារ​បញ្ជូន​កង​កំលាំង​កម្ពុជា បាន​ថ្លែងថា ​បច្ចុប្បន្ននេះ​ ពិភពលោក​កំពុង​ជួប​ប្រឈម​ នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ ដែល​កើតចេញពី​ការដណ្តើម​ភូមិសាស្ត្រ​នយោបាយ ជម្លោះ​ផលប្រយោជន៍ ​ការ​កើនឡើង​ជម្លោះ​ហិង្សា ​វិបត្តិ​មនុស្សធម៌ ឧក្រិដ្ឋ​កម្ម ​ភេ​វរ​កម្ម​ ការជួញដូរ​មនុស្ស និង​គ្រឿងញៀន​ជាដើម​។

ឯកឧត្តម ​បន្តថា ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា ក៏​ជួប​ប្រឈម​ដូចគ្នា​ច្រើន​ដែរ ​តាមរយៈ​ការ​មាន​មជ្ឈដ្ឋាន​អគតិ ​និង​ជនបរទេស ​បាន​ច្នៃប្រឌិត​ព័ត៌មាន ​មិន​ពិត​ផ្សាយ​ពី​កម្ពុជា​ បំណង​បំផ្លាញ​តម្លៃ​សុខ​សន្តិភាព បង្កបញ្ហា​អសន្តិសុខ និង​បង្អាក់​កម្ពុជា​មិន​អោយ​មានការ​អភិវឌ្ឍ​ជាដើម​។

នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កំលាំង​ថែរក្សា​សន្តិភាព បាន​ថ្លែងថា​ ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​គឺ​កំពុង​ជួប​ការ​លំបាក​ខ្លាំងណាស់​ ក្នុងការ​ស្វែងរក​សុខ​សន្តិ​ភាព​អោយបាន​មកវិញ​។ ​ដោយឡែក​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ជាង​១៣​ឆ្នាំ​ ចុង​ក្រោយនេះ តាមរយៈ​ការ​បញ្ជូន​កង​កំលាំង​ទ័ព​មួក​ខៀវ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​UN​ ក្នុង​គោលដៅ​វិនិយោគ​ស្វែងរក​សុខសន្តិភាព ​និង​ជំរុញ​ការអភិវឌ្ឍ ​ជូន​ប្រទេស​ដទៃ ​តាមរយៈ​ការ​បញ្ជូន​ទ័ព​មួក​ខៀវ​ដើម្បី​ដោះមីន សង់​ផ្លូវថ្នល់ ស្ពាន ​ព្យាបាល​ជំងឺ និង​សំណង់​ដេក​សំណង់​បញ្ឈរ​ជាច្រើន​ទៀត​។

គិត​ចាប់តាំងពី​ឆ្នាំ​២០០៦​រហូតមកដល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​ទ័ព​មួក​ខៀវ​ទៅ​ថែរក្សា​សន្តិភាព​នៅ​ក្រៅ​ប្រទេស​បាន​ចំនួន​ជិត​១០​ប្រទេស ​សរុប​កង​កំលាំង​មាន​ប្រមាណ​ជិត​៦៥០០​នាក់ ​ក្នុងនោះ​មាន​នារី​ប្រមាណ​ជាង​៣១៥​រូប​។ ​បច្ចុប្បន្ន​កម្ពុជា​មាន​ក​ង​ទ័ព​មួក​ខៀវ ​កំពុង​ឈរជើង​បំពេញ​បេសកកម្ម​មាន​ប្រមាណ​ជិត​១០០០​នាក់​ នៅតាម​បណ្តា​ប្រទេស​ចំនួន​៤ រួមមាន​៖ ស៊ូដង់​ខាងត្បូង​, លី​បង់​, អា​ហ្វ្រឹ​ក​កណ្តាល និង​ម៉ាលី​ជាដើម​៕