David Beckham គ្រោង​យក​កីឡាករ​ពី​អង់គ្លេស​មួយ​ចំនួន​ទៅ​លេង​នៅ​ក្លិប​ថ្មី​របស់​ខ្លួន​

611

បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អាមេរិក Inter Miami គ្រោង​នឹង​នាំ​យក​កីឡាករ​អង់គ្លេស​ ទៅ​ចូលរួម​ក្នុង​ការ​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​ឆ្នាំ​ក្រោយ​នេះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អតីត​ខ្សែ​បំរើ​អង់គ្លេស David Beckham​

​​ក្លិប​បាល់ទាត់​ថ្មី​ក្រោម​ការ​វិនិយោគ​របស់ David Beckham ទើបតែ​បាន​នាំ​យក​កីឡាករ​ពីរ​នាក់​ប៉ុណ្ណោះ ខណៈ​រដូវ​កាល​ថ្មី​ក្រប​ខណ្ឌ​អាមេរិក Major League Soccer នឹង​ចាប់ផ្ដើម​នៅ​ខែ​មិនា​ឆ្នាំ​ក្រោយ​។ ​កីឡាករ​ពីរ​នាក់​នោះ​សុទ្ធតែ​យក​មក​ពី​ក្លិប​អា​ហ្ស​ង់​ទីន​ទាំងពីរ​ គឺ​ខ្សែប្រយុទ្ធ Julian Carranza ពី Banfield​ និង​ខ្សែបំរើ Matias Pellegrini​ ពី Estudiantes​។ ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន The Sun អោយ​ដឹង​ថា ខ្សែ​ការពារ​អង់គ្លេស Gary Cahill និង​អតីត​ខ្សែ​ការពារ Manchester United, Antonio Valencia បច្ចុប្បន្ន​លេង​នៅ L.D.U. Quito នឹង​អាច​ផ្លាស់​ទៅ Inter Miami ផងដែរ​នៅ​ឆ្នាំ2020 ខាងមុខ​។

​​កីឡាករ​ផ្សេងទៀត​ដែលជា​គោលដៅ​របស់ Miami រួមមាន Hector Moreno និង​អតីត​ខ្សែ​ការពារ Real Madrid, Fabio Coentrao ​ខណៈ Sergio Busquet ​និង James Rodriguez ក៏​ស្ថិត​ក្នុង​បំណង​របស់ Beckham ដែរ​។​ ​រដូវ​កាល​ថ្មី Major League Soccer ឆ្នាំ​ក្រោយនេះនឹង​មាន​ក្លិប​ថ្មី​ពីរ​ចូលរួម​គឺ Inter Miami នេះ​រួម​ជាមួយ Nashville SC មានន័យថា​ សរុប​ទាំងអស់ 26ក្រុម ខណៈ​គោល​ដៅ​របស់ MLS គឺ​នឹង​បញ្ចប់​នៅ​ត្រឹម 30ក្រុម​៕

អត្ថបទ​៖​នាង សុភា​វុ​ធ