ការ​បាញ់​ប្រហារ​​ចំនួន​ ២​លើក​ក្នុង​ពេល​មិន​ដល់​ ២៤​ម៉ោង​ធ្វើ​ឲ្យ​កក្រើក​នៅ​សហរដ្ឋ​អាមេរិក​សម្លាប់​មនុស្ស ២៩​នាក់

510

អាមេរិក៖ មន្ត្រី​និយាយ​ថា ​ការ​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​រដ្ឋ ​Texas សហរដ្ឋ​អាមេរិក​ ដែល​បានបណ្ដាល​ឲ្យ​មនុស្ស ​២០​នាក់​បាន​បាត់​បង់ជីវិត កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ជា​អំពើ​ភេរវកម្ម​ក្នុងស្រុក​។

បុរស​ជនជាតិ​អាមេរិកស្បែក​ស វ័យ ​២១​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​កើត​ហេតុ​ក្នុង​ទីក្រុង ​El Paso ​ជិត​ព្រំដែន​អាមេរិក-​ម៉ិ​ក​ស៊ិ​ក​។​ ជនល្មើស​ត្រូវ​គេ​ជឿ​ថា បាន​បង្ហោះ​ឯកសារ​តាម​អន​ឡាញ ដោយ​ហៅ​ការ​វាយ​ប្រហារ​នោះ​ថា ជា​ការ​ឈ្លានពាន​របស់​ជនជាតិ​អេ​ស្ប៉ា​ញ​នៅ​រដ្ឋ Texas​។​ ក្មាន់កាំភ្លើង​ក្នុង​ទីក្រុង ​El Paso បាន​បើក​ការ​បាញ់​ប្រហារ​លើ​ហ្វូង​មនុស្ស​នៅ​ផ្សារ​ទំនើប ​Walmart កាលពី​ថ្ងៃអាទិត្យ​ដោយ​ប្រើ​កាំភ្លើង​វែង​មួយ​ដើម ​និង​ត្រូវ​បាន​ប្រគល់​ខ្លួន ​បន្ទាប់​ពី​ត្រូវ​បាន​ប្រឈម​ជាមួយ​មន្ត្រីនគរបាល​នៅ​ខាងក្រៅ​ហាង​។​ មនុស្ស​ ២៦​នាក់​បាន​រង​របួស​ក្នុង​ការ​បាញ់​ប្រហារ​នោះ​។​

លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយ​ថា ​ប្រហែល​ជា​ត្រូវ​ចាត់វិធានការ​ច្រើន​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​បែបនេះ​ ក្រោយ​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង El Paso និង​ការ​បាញ់​ប្រហារ​មួយ​ករណី​ទៀត​ក្នុង​រដ្ឋ ​Ohio រយៈ​ពេល​ ១៣​ម៉ោង​ក្រោយ​មក ​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៩​នាក់រួម​ទាំង​ប្អូនស្រី​របស់​ក្មាន់កាំភ្លើង​ត្រូវ​បាន​សម្លាប់ ក្នុង​រយៈ​ពេល​មិន​ដល់ ​២៤​ម៉ោង​ផង​នោះ​។​

ឧបទ្ទវហេតុ​នៅ​ទីក្រុង Dayton កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់ពី​មនុស្ស​យ៉ាង​ហោច​ណាស់ ​២០​នាក់​បាន​បាត់​បង់ជីវិត ​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​កក្រើក​មួយ​​នៅ​ទីក្រុង​ El Paso រដ្ឋ ​Texas​។ ពិធី​រំឭក​វិញ្ញាណក្ខន្ធ​មួយ​សម្រាប់​ជនរងគ្រោះ​ នៃ​ការ​បាញ់​ប្រហារ​ក្នុង​ទីក្រុង El Paso រដ្ឋ ​Texas ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​ទីក្រុង​ Ciudad Juárez ​កាលពី​ថ្ងៃ​សៅរ៍​សប្ហាហ៍មុន៕

អត្ថបទ៖ សុខ​មាន