Barcelona នាំ​យក​ខ្សែ​ការពារ Junior Firpo ​តម្លៃ​ ៣០​លាន​អឺរ៉ូ​ពី Real Betis

152

បាល់ទាត់៖ ក្លិប​ Barcelona និង​ Real Betis​ បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា ក្នុង​ការ​ផ្ទេរ​យក​ខ្សែ​ការ​ពារ​ឆ្វេង Junior Firpo ​មកកាន់​ទឹកដី Camp Nou​ ជា​ផ្លូវការ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា Junior នឹង​ត្រូវ​ចុះ​ហត្ថលេ​ខា​លើ​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona រហូតដល់​ខែ​មិថុនា ឆ្នាំ​២០២៤ ក្នុង​តម្លៃ​ទិញ​ផ្ដាច់ ២០០​លាន​អឺរ៉ូ ខណៈ​តម្លៃ​ខ្លួន​នៃ​ការ​នាំចូល​កីឡាករ​រូប​នេះ​ពី Real Betis ​ត្រូវ​បាន​គេ​ដឹង​ថា ​ស្ថិត​ក្នុង​តម្លៃ​ខ្លួន​ប្រហាក់​ប្រហែល ៣០​លាន​អឺរ៉ូ (​១៨​លាន​អឺរ៉ូ​តម្លៃ​ដើម ​បូករួម​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ប្រមាណ​ ១២​លាន​អឺរ៉ូ​)​

បច្ចុប្បន្ន​នេះ Junior Firpo ​មាន​វ័យ ២២​ឆ្នាំ គេ​គឺជា​កីឡាករ​ដែល​កើត​នៅ Santo Domingo សាធារណរដ្ឋ​ដូមីនីក និង​បាន​ផ្លាស់​ទៅកាន់​ម៉ា​ឡា​កា (​អេ​ស្ប៉ា​ញ​) នៅ​ពេល​មាន​វ័យ ៦​ឆ្នាំ។ នៅ​ឆ្នាំ២០១៤ កីឡាករ​រូប​នេះ​បាន​ចូលរួម​ជាមួយ​ក្លិប Real Betis ​ប៉ុន្តែ​ទើបតែ​បាន​បង្ហាញ​ខ្លួន​ជាមួយ​ឈុត​ធំ​កាលពី​ឆ្នាំ​២០១៨ ​កន្លងទៅ​ប៉ុណ្ណោះ ដែល​ពេញ​មួយ​រដូវ​កាល​កន្លងទៅគេ​បង្ហាញខ្លួន​សរុប​បាន ២៩​ប្រកួត (២៤​ប្រកួត​នៅ La Liga, ៤​ប្រកួត​នៅ Europa League និង​មួយ​ប្រកួត​ផ្សេងទៀត​នៅ Copa Del Rey)​។​ បើ​ទោះ​បី​ជា​រូបគេ​កើត​នៅ​សាធារណរដ្ឋ​ដូមីនីក​យ៉ាង​ណាក្តី ប៉ុន្តែ​កីឡាករ​រូប​នេះ​បាន​ជ្រើស​រើស ​បង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ា​ញ និង​បាន​រួម​ចំណែក​ឈ្នះ​ពាន U21 អឺរ៉ុប​ ជាមួយ​អេ​ស្ប៉ា​ញ​ទៀត​ផង​ក្នុងឆ្នាំ​២០១៩ នេះ៕

អត្ថបទ​៖​ ខន ​មេសា