ក្រសួងសុខាភិបាល​ ​ដាក់​ឲ្យ​ដំណើរការ​គ្លីនិក​ជំងឺ​ទឹកនោមផ្អែម​សម្រាប់​កុមារ​

335

ភ្នំពេញ៖ ក្រសួងសុខាភិបាល​, ក្រុមហ៊ុន ណូ​វ៉ូ ណ័​រ​ឌី​ស​ (Novo Nordisk) និង​អង្គការ​កិច្ច​សហប្រតិបត្តិការ​រ​បស់​អាល្លឺម៉ង់​(GIZ) នា​ព្រឹក​ថ្ងៃ​ទី០​៥ សីហា ឆ្នាំ​២០១៩​នេះ បាន​ដាក់​ឲ្យ​ដំណើរការ​គ្លីនិក​ជំងឺ​ទឹកនោមផ្អែម​លើ​កុមារ នៅក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ រាជធានី​ភ្នំពេញ​។​

​​លោក កុល ហេ​រ៉ូ ប្រធាន​នាយកដ្ឋាន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល បានបញ្ជាក់​នៅ​ក្រោយ​ពិធី​កាត់​ខ្សែបូ​ ​ថា គ្លីនិក​ថ្មី​នេះ​នឹង​ជួយ​ដោះស្រាយ​បន្ទុក​ជំងឺ​ទឹកនោមផ្អែម​ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា ក្នុងចំណោម​កុមារ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ដែល​ត្រូវការ​ការថែទាំ​និង​ព្យាបាល​។ ក្នុងនោះ​មាន​កុមារ​ចំនួន​ប្រមាណ​៩,% បាន​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ឬ​កំពុង​ត្រូវ​បាន​ទទួល​ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​។​

​​លោក ហ្វ្រិ​ក​ដេ​រិ​ក ខៀ (Frederick Krer) អនុប្រធាន​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន​ ​ណូ​វ៉ូ ណ័​រ​ឌី​ស បាន​លើកឡើងថា ការផ្តោត​អារម្មណ៍​លើ​បញ្ហា​ទឹកនោមផ្អែម​របស់​កុមារ​ក្នុងប្រទេស​កម្ពុជា គឺជា​ការស្វែងរក​កុមារ​តូចៗ ដើម្បី​ផ្តល់​ថ្នាំ អាំង​ស៊ុយ​លីន​ ​សំរាប់​ព្យាបាល​ទឹកនោមផ្អែម និង​ឧបករណ៍​ការត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ភារៈ​ផ្គត់ផ្គង់​ដល់​កុមារ​ក្នុង​រយៈពេល​០៣​ឆ្នាំ គិត​ចាប់​ពីពេលនេះ​តទៅ​។​

ដោយឡែក​ ​លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​០២​ឆ្នាំ​ចុង​ក្រោយនេះ មាន​កុមារ​បានមក​ពិគ្រោះ​ជំងឺ​ទឹកនោមផ្អែម​ចំនួន​១០​នាក់ និង​កុមារ​កំពុង​ប្រើប្រាស់​ថ្នាំ អាំង​ស៊ុយ​លីន មាន​ចំនួន​តែ ៤​នាក់​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់ថា ជំងឺ​ទឹកនោមផ្អែម​មាន​២​ប្រភេទ ទី​១.​អាច​កើតមាន​ពេញ​មួយជីវិត ប៉ុន្តែ​ ជាធម្មតា​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​ដំបូង​របស់​កុមារ​ ​និង​វ័យ​ជំទង់​។ និង​ទី​២.​គឺជា​ទម្រង់​ជំងឺ​ទឹកនោមផ្អែម​ទូទៅ​ ​ដែល​ជះឥទ្ធិពល​ពី​៩០% ​ទៅ​៩៥% នៃ​អ្នកជំងឺ​ ៕​