ជប៉ុន ទទួលស្គាល់ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​

141

ភ្នំពេញ ៖ ​​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឯកឧត្តម កែវ រ៉េមី បានឱ្យដឹងថា ​ជប៉ុន បាន​ទទួល​ស្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា បើទោះជា​បាន​សម្ដែង​នូវ​កង្វល់​បន្តិច បន្តួច​លើ​ផ្នែក​នយោបាយ​ក្ដី​។

កម្ពុជា និង ជប៉ុន បាន​បើក​កិច្ច​សន្ទនា​រួមគ្នា កាលពី​ម្សិលមិញ ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា​-​ជប៉ុន លើក ទី​១០ ដែល​ក្រោយ​បញ្ចប់​កិច្ច​សន្ទនា​នេះ ភាគី​កម្ពុជា​-​ជប៉ុន បាន​យល់​គ្នា​ទៅវិញទៅមក​អំពី​បញ្ហា​សិទ្ធិ មនុស្ស ហើយ​ជប៉ុន​ បានទទួល​ស្គាល់ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ នា​រយៈពេល​ចុង​ ក្រោយ លើ​ផ្នែក​សេដ្ឋកិច្ច ការអភិវឌ្ឍ ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ការកាត់បន្ថយ​ភាពក្រីក្រ​ សន្តិភាព សុវត្ថិភាព ជាដើម​។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់ ឯកឧត្តម កែវ​រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស ​កម្ពុជា​។

ទាក់ទង​នឹង​ផ្នែក​នយោបាយ​វិញ ឯកឧត្តម​កែវ រ៉េមី បាន​ថ្លែងថា ​ភាគី​ជប៉ុន​សម្តែង​ពី​ក្តី​កង្វល់​ខ្លះ ហើយ​ស្នើ​ឱ្យ​ភាគី​ទាំងពីរ​ចរចា​ដោះស្រាយ​គ្នា ​ជាមួយនឹង​ការផ្តល់​ជា​អនុសាសន៍​មួយ​ចំនួន​។ តែ​ឯកឧត្តម​ បាន​បញ្ជាក់ថា ​កង្វល់​នេះ ​គេ​បានដឹង​ជាទូទៅ​អស់ហើយ ​ហើយ​កម្ពុជា នៅតែ​រក្សា​សន្តិភាព​ផ្ទៃក្នុង ដើម្បី អភិវឌ្ឍ​កម្ពុជា​កាន់តែ​រីកចម្រើន​៕