ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​អះអាង​ថា វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន នៃ​កំណើន​សេដ្ឋកិច្ច​

271

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​អះអាង​ដោយ​មោទនភាព​ថា រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​វិស័យ​ឯកជន ជា​ក្បាលម៉ាស៊ីន នៃ​កំណើនសេដ្ឋកិច្ច និង​ដៃគូ​ដ៏​ពិតប្រាកដ ក្នុងការ​អភិវឌ្ឍ​ប្រទេស​។​

សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល នៅតែ​អះអាង​យ៉ាង​ដូច្នេះ ក្នុងពេល​អញ្ជើញ​ជា​អធិបតី​រួមគ្នា​ជាមួយ​ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា ក្នុង​វេទិកា​ធុរកិច្ច កម្ពុជា ស្រីលង្កា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា នា​រសៀល​ថ្ងៃទី​៧​សីហា​នេះ ខណៈ ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា និង​ប្រតិភូ បាន​អញ្ជើញ​មក បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា ចាប់ពី​ថ្ងៃ ទី​៧​ដល់​ថ្ងៃទី​១០​សីហា​។​

​​​ជាមួយនឹង​ការបង្ហាញ​គោលនយោបាយ​អភិវឌ្ឍ​នានា​ជាច្រើន ដែល​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​អះអាង​ជូន​ប្រធានាធិបតី​ស្រីលង្កា ថា រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន នៃ​កំណើនសេដ្ឋកិច្ច និង​ដៃគូ​ដ៏​ពិតប្រាកដ ក្នុងការ​អភិវឌ្ឍ​។​

​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្ត​បញ្ជាក់ជូន​ប្រធានាធិបតី​ស្រីលង្កា​និង​ធុរជន​ទាំងអស់​ថា កម្ពុជា​តែងតែ​បើកចំហ​ជានិច្ច​ដើម្បី ទទួល​អ្នកវិនិយោគ ពី​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិនមាន​ការរើសអើង​។ ទន្ទឹមនេះ សម្តេច​ក៏បាន​បង្ហាញ​អំពី​សក្ដានុពល​វិនិយោគ​ជាច្រើន​របស់​កម្ពុ​ជាស​ម្រា​ប់​ការអភិវឌ្ឍ មានដូចជា​ទេសចរ វប្បធម៌ និង​ធម្មជាតិ រួមមាន​សម្បត្តិ​វប្បធម៌​ធនធានធម្មជាតិ កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ ព្រមទាំង​ទេសចរណ៍​ស្រស់ត្រកាល នៃ​ឆ្នេរសមុទ្រ​ទន្លេ​បឹងបួរ​និង​ព្រៃព្រឹក្សា​របស់​ជាតិ​ដែល​ទាំងនេះ មាន​ភាព​ទាក់ទាញ សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។

​​​សូមបញ្ជាក់ថា ក្រៅពី​វេទិកា​ធុរកិច្ច​នេះ សភាពាណិជ្ជកម្ម​ទាំងពីរ ប្រទេស (​កម្ពុជា ស្រីលង្កា ) នឹង​ចុះ​អនុស្សារណៈ យោគយល់​គ្នា ស្តីពី​ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​-​ស្រីលង្កា នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​៨​សីហា ក្នុង​គោលបំណង​លើកកម្ពស់​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ទៅវិញទៅមក រវាង ប្រទេស​ទាំងពីរ​។ លើសពីនេះ​ទៀត សភាពាណិជ្ជកម្ម​កម្ពុជា នឹង​ផ្តល់​កិច្ចសហការ និង​ការគាំទ្រ ក្នុងការ​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរជន​នៃ​ប្រទេស​ទាំងពីរ និង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហគ្រាស តាម​វិស័យ​ពាក់ព័ន្ធ នានា​ផងដែរ​៕