លោក Trump៖ ចិន​កំពុង​សម្លាប់​ពួក​យើង​ដោយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អយុត្តិធម៌

474

អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Donald Trump កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា​ ជំហរ​ដ៏​តឹង​រឹង​របស់​លោក​​លើ​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ចិន ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​អាមេរិក​នៅ​ទីបំផុត បើ​ទោះ​ជា​ទីក្រុង​ប៉េកាំង​បង្ហាញ​ថា ​ខ្លួន​អាច​ធ្វើ​វាយបក​វិញ​បាន​តាម​រយៈ​ការបញ្ឈប់​ ការ​លក់​សារ​ធាតុ​គីមី​ដែល​គេ​ស្គាល់​ថា​ ជា​រ៉ែ​កម្រ​ ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​អ្វីៗ​គ្រប់​យ៉ាង​ចាប់ពី​ទូរស័ព្ទ​ដៃ ​iPhones រហូតដល់​គ្រឿង​យុទ្ធោបករណ៍​នោះ​ក៏ដោយ​។

សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​បាន​រីក​កាន់តែ​ធំ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីន​តោន​កាលពី​ថ្ងៃ​ចន្ទ​បាន​លាប​ពណ៌​ទីក្រុង​ប៉េកាំង​ថា​ ជា​អ្នក​កែសម្រួល​ទម្លាក់​តម្លៃ​រូបិយប័ណ្ណ​ ជា​លើក​ដំបូង​ចាប់ពី​ឆ្នាំ​១៩៩៤ មក និង​បាន​និយាយ​ថា ខ្លួន​នឹង​ដំឡើង​ពន្ធ​ ១០% លើ​ផលិត​ផល​នាំចូល​របស់​ចិន ​ដែល​នៅ​សល់​មាន​ទំហំ​ទឹក​ប្រាក់ ​៣០០​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់ផ្ដើម​អនុវត្តន៍​នៅ​ថ្ងៃ​ទី​១ ​ខែ​កញ្ញា​។ ​សកម្មភាព​ទាំងនោះ​បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ទី​ផ្សារ​ហិរញ្ញវត្ថុ និង​នាំ​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ឱន​ភាព​សកល​។

លោក Trump បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ឯ​សេត​វិមាន​ថា ​គេ​រំពឹង​ទុក​ថា ​នឹង​មាន​ប្រតិកម្ម​ពី​ទីផ្សារ ​ប៉ុន្តែ​លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ភាព​រឹងមាំ​ នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​។​ លោក​ថា ទីបំផុត​វា​នឹង​កើន​ឡើង​ខ្ពស់​ជាង​អ្វី​ដែល​នឹង​អាច​កើត​មាន ​ព្រោះ​ប្រទេស​ចិន​ប្រៀប​ដូច​ជា​យុថ្កា​មួយ​សង្កត់​មក​លើ​យើង​។ ប្រទេស​ចិន​បាន​សម្លាប់​យើង​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អយុត្តិធម៌​៕

អត្ថបទ៖ សុខ​មាន