ចិន​ប្រកាស​អាសន្ន​មុន​ការ​មក​ដល់​របស់​ព្យុះ​កំបុត​ត្បូង Lekima

1298

ចិន៖ ក្រុម​អាជ្ញាធរ​ចិន​បាន​ប្រកាស​អាសន្ន​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បំផុត ពេល​ដែល​ព្យុះ​កំបុត​ត្បូង​ដ៏​ខ្លាំងក្លា​មួយ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​មកកាន់​តំបន់​ឆ្នេរ​ភាគ​ខាងកើត​។​ ព្យុះ​ទី​ហ្វុ​ង Lekima ​បច្ចុប្បន្ន​កំពុង​បោក​បក់​មក​លើ​កោះ​តៃវ៉ាន់​ ក្នុង​ល្បឿន​ជាង​ ១៩០​គីឡូម៉ែត្រ​ក្នុង ​១​ម៉ោង ហើយ​គ្រោង​នឹង​បោកបក់​មកដល់​ខេត្ត​ចឺ​ជែង​ប្រទេស​ចិននា​ថ្ងៃ​សៅរ៍​​នេះ​។

ក្រសួង​សង្គ្រោះ​បន្ទាន់​របស់​ចិន​បាន​អះ​អាង​ថា ក្រុម​មន្ត្រី​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​ប្រឈម ដើម្បី​ដឹកនាំ​ការងារ​ជួយសង្គ្រោះ​របស់​ពួកគេ​។​ មនុស្ស​រាប់​ម៉ឺន​នាក់​ ដែល​រស់​នៅ​តាម​បណ្ដោយ​ឆ្នេរ​ស្ថិត​នៅ​ក្នុង​ទីក្រុង​សៀង​ហៃ ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ត្រៀម​ជម្លៀស​ខ្លួន​ចេញ​។​ ការ​ប្រកាស​អាសន្ន​ពី​ទឹកជំនន់ត្រូវ​បាន​ធ្វើឡើង​ផង​ដែរ ​សម្រាប់​ត្រើយ​ខាងកើត​នៃ​ទន្លេ​យ៉ាង​សេ និង​ទន្លេ​លឿងរហូតដល់​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​។ ចំណែក​ឯ​ខេត្ត​ជែង​ស៊ូ និង​ខេត្ត​សាន​ទុងត្រូវ​បាន​ប្រកាស​អាសន្ន​ផង​ដែរ​។​ ដោយឡែក​ទូក​កម្សាន្ត​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ពន្យារពេល ​ការ​មក​ដល់​របស់​ពួកគេ​នៅ​ទីក្រុង​សៀង​ហៃ ហើយ​សេវាកម្ម​រថភ្លើង​មួយ​ចំនួនត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ផង​ដែរ ​នៅ​ចុង​សប្ដាហ៍​នេះ​៕

អត្ថបទ៖ សារ៉ាត់