សម្តេចពិជ័យសេនា ​ទៀ ​បាញ់ ​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យបន្តយកចិត្ត​ទុក​ដាក់​បន្ថែមទៀត​​ក្នុងការ​ជួយ​ពលរដ្ឋ​រង​គ្រោះទឹកជំនន់

169

ភ្នំពេញ ៖ ​សម្តេចពិជ័យសេនា ទៀ បាញ់​ ឧបនាយករដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ​​បាន​ធ្វើការអំ ពាវនាវ ដល់យោធា និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការ​ចុះជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយសារទឹកជំនន់​ ខណៈប៉ុន្មានថ្ងៃមកនេះជំនន់ទឹកភ្លៀង បានលិចលងខេត្តមួយចំនួននោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពប្រចាំត្រីមាសទី២​ ឆ្នាំ២០១៩ របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ​ចុះជួយមូលដ្ឋាន ​ខេត្តកោះកុង ​ដើម្បីត្រួតពិនិត្យ​ និង​គាំទ្រការ​អនុវត្តន៍​កម្ម​​វិធី​នយោបាយ​ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១២ ខែសីហា​ ឆ្នាំ២០១៩នេះ​ នៅទីស្តីការគណៈរដ្ឋមន្ត្រី ​សម្តេចពិជ័យសេនា ទៀ បាញ់​ បានលើកឡើង​ថា« យើងទាំងអស់គ្នាត្រូវតាមដាន​​និង​មាន​ការ​ប្រុងប្រយ័ត្ន​​អំពីការ​លេចលង់​​ដោយសារ​​គ្រោះទឹក​​ជំនន់​​ នៅតាមបណ្តាខេត្តនានា ក្នុងនោះនៅខេត្តកោះកុងផងដែរ ​ហើយបច្ចុប្បន្ន គ្រោះនេះ​ កំពុង​បន្ត​កើត​មាន​នៅខេត្តកំពត​ បន្ទាប់ពីខេត្តព្រះសីហនុ»

ជាមួយគ្នានោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកទឹកចិត្ត ​​និងជំរុញ​ឲ្យក្រុមការងារថ្នាក់ជាតិ​​ចុះ​ជួយមូលដ្ឋាន ​ខេត្តកោះកុង បន្តបំពេញតួនាទី ​និងភារកិច្ចជាបន្តទៅទៀត ដើម្បី​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ ​និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤​​ របស់រាជរដ្ឋាភិបាលកម្ពុជា​​ ទទួល​បាន​ដោយជោគជ័យ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ មិថុនា យុទ្ធភូថង អភិបាលខេត្តកោះកុង បាន​លើក​ឡើងថា​ នៅក្នុងត្រីមាសទ២​ ឆ្នាំ២០១៩នេះ តាមរយៈសកម្មភាពក្រុមការងារថ្នាក់ជាតិ​​ចុះ​មូលដ្ឋាន​ខេត្តកោះកុង ដើម្បីត្រួពិនិត្យ និងគាំទ្រ​ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​​ចតុកោណ​​ដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​មាន​កិច្ចសហការជាមួយរដ្ឋបាល​នៅ​គ្រប់លំដាប់​ថ្នាក់ ​បានធ្វើឲ្យការធានា ​ការរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ ​ការងារសេដ្ឋកិច្ចសង្គម និង​ការ​ដោះស្រាយបញ្ហាប្រឈម​នានា មានភាពល្អប្រសើរ។

សមិទ្ធផលការងារដែលសម្រេចបាននេះ អាស្រ័យដោយក្រុមការងារគ្រប់ថ្នាក់ បាន​យកចិត្តទុក​ដាក់​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ និងមានឆន្ទៈមុតមាំក្នុងការអនុវត្តបទបញ្ជា ​សេចក្តីណែនាំ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល រួមជាមួយកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក មាន​គោល​ដៅច្បាស់លាស់​ ធ្វើឲ្យការដោះស្រាយបញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ នៅ​តាមមូលដ្ឋាន​ទទួល​បានលទ្ធផលល្អប្រសើរ។

លោកជំទាវអភិបាលខេត្ត បានបន្តទៀតថា ​បច្ចុប្បន្ន ខេត្តនៅមានបញ្ហាប្រឈមមួយចំនួន លើការ​ដោះស្រាយ​លំនៅដ្ឋាន ​និងដីចំការរបស់ប្រជាពលរដ្ឋក្នុងស្រុក ​ក្រុងចំនួន៤ ដែល​គ្រប់​ដណ្តប់​ដោយ​អនុក្រិត្យលេខ០៨ ស្តីពីការបង្កើតជំរកសត្វព្រៃតាតៃ​ ការ​ញុះញង់​ពី​មជ្ឈដ្ឋាន​ពីខាងក្រៅ សេចក្តី​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ ​ទាំងទីប្រជុំជន ​និង​ជនបទ ​ការ​ផ្គត់ផ្គង់​អគ្គិសនី, ​​ទឹកស្អាត និង​ការថែរក្សា​បរិស្ថានជាដើម៕