លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា​ទទួល​ជួប​គណៈប្រតិភូ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ឡាវ

161

ភ្នំពេញ៖ លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ឡាវ ដឹកនាំ​ដោយ​លោកជំទាវ Suansavanh VIGNAKET អគ្គលេខាធិការ​រដ្ឋសភា​ឡាវ ចូល​ជួប​សម្ដែង​ការគួរសម និង​ធ្វើ​សវនាការក្នុង​ឱកាស​ដែល​គណៈប្រតិភូ​ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ នៅ​រដ្ឋសភា​កម្ពុជា​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​។

លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​ពាំ​នាំ​នូវ​បណ្ដាំ​សាកសួរ​សុខទុក្ខ​ របស់សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូន​ដល់​គណៈប្រតិភូ​អគ្គលេខាធិការដ្ឋាន ​រដ្ឋ​សភា​ឡាវ​នា​ពេល​នេះ ក៏ដូចជា​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខជូន​ដល់លោកជំទាវ ផានី យ៉ា​ថូ​ទូ ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ថ្នាក់ដឹកនាំ​ឡាវ​ផង​ដែរ​។ លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី និង​លោកជំទាវ Suansavanh VIGNAKET បាន​សម្ដែង​មោទនភាព ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ទាំងពីរ ដែល​បាន​ដំណើរការ​ទៅ​ដោយ​រលូន ជាពិសេស​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក នៅ​លើ​វេទិកា​អន្តរ​សភា​នានា​ទាំង​ក្នុង​តំបន់ និង​សកលលោក និង​បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រធានរដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ កំឡុង​ពេល​ដែល​សភា​ក​ម្ពុ​ជា​ធ្វើជា​ម្ចាស់ផ្ទះ ​នៃ​កិច្ចប្រជុំ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧ នៅ​ទឹកដី​អង្គរ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា​-​ឡាវតូច​ក៏​ពិត​មែន ប៉ុន្តែ​យើង​មាន​ឯករាជ្យ និង​មាន​មាគ៌ា​នយោបាយ​អន្តរជាតិដ៏​ត្រឹមត្រូវ និង​ដោយ​បើកចំហ​ជាមួយ​ប្រទេសជិតខាង​ក្នុង​តំបន់ និង​អន្តរជាតិ​។ អ្វី​ដែល​សំខាន់ ​គឺ​បម្រើ​នូវ​ឧត្ដម​ប្រយោជន៍​របស់​ប្រជាជាតិ​យើង ដោយ​ឈរ​លើ​ស្មារតី ឯក​រាជ្យ​ភាព សាមគ្គីភាព និង​បង្កើន​មិត្ត​ខាងក្រៅ​។ លោកជំទាវ Suansavanh VIGNAKET ក៏បាន​សាទរ​នូវ​កិច្ច​ខំ​ប្រឹង​ប្រែង​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ ​ក្នុង​ការ​បន្ត​ពូន​ជ្រំ​ចំណងមិត្តភាព​ជា​ប្រពៃណី ជា​ប្រទេសជិតខាង​ដ៏​ល្អ​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា ចែករំលែក​បទពិសោធន៍​ឱ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ នៅ​លើ​វេទិកា​អន្តរ​សភា​នានា ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកលលោក​។

លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី បាន​ធ្វើ​ការ​កោត​សរសើរ​ចំពោះ​រដ្ឋសភា​ឡាវ​ ដែល​បាន​រៀប​ចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៧ (ASEP-7) កាលពី​ឆ្នាំ​២០១២ ប្រកបដោយ​ភាព​ជោគជ័យ​។ លោកជំទាវ​សង្ឃឹមថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច ​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ឡាវ​នា​ពេល​នេះ ​នឹង​ចែករំលែក​នូវ​បទពិសោធន៍​ ដល់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា អំពី​ការ​រៀបចំ​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប (ASEP) ដែល​សភា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ (ASEP-11) លើក​ទី​១១ នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​៕