ថ្នាក់ដឹកនាំ​ជាតិ​សំខាន់ៗ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ​ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១​ព្រឹទ្ធសភា

183

ភ្នំពេញ ៖ ​​ នៅ​ព្រឹក​ថ្ងៃទី​១​ ខែតុលា ​ឆ្នាំ​២០១៨ ថ្នាក់​ដឹកនាំ​ជាតិ​សំខាន់ៗ ​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​ ឯកឧត្តម នៃ ប៉េ​ណា ​អនុប្រធាន​ទី​១​ព្រឹទ្ធសភា​ ដែល​ទទួលមរណៈភាព ​កាលពី​ថ្ងៃទី​២៩ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ​។

នៅ​ព្រឹក​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​នេះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា នៃ​ព្រះរាជា ​ណា​ចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម នៃ ប៉េ​ណា អនុប្រធាន​ទី​១​ ព្រឹទ្ធសភា​នៅ​គេហដ្ឋាន​សព​ស្ថិត​នៅផ្ទះ​លេខ​៣៩១​ផ្លូវ​ប៉ូ​ឡា​រី​ស បុរី​ប៉េង​ហួត​ បឹង​ស្នោ សង្កាត់​និរោធ​ ខណ្ឌ​ច្បា​អំពៅ​រាជធានី​ភ្នំពេញ​។

តាងនាម​ថ្នាក់ដឹកនាំ​សមាជិកា​សមាជិកា​រដ្ឋសភា​និង​ក្នុងនាម​សម្តេច​ផ្ទាល់ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំរិន ​សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ប្រកបដោយ​ក្តី​ក្ដុកក្ដួល​បំផុត​ដែល​បាន​ទទួល​ដំណឹង​អំពី​មរណភាព​របស់​ឯកឧត្តម​ នៃ ប៉េ​ណា ​ អនុប្រធាន​ទី​១ ​ព្រឹទ្ធសភា​ នា​ថ្ងៃ​សៅរ៍​៥​រោច​ខែភទ្របទ​ឆ្នាំច​សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​វេលា​ម៉ោង​១៣​នាទី​រសៀល​ក្នុង​ជន្មាយុ​៧៤​ឆ្នាំ​ ដោយ​រោគាពាធ​។

នៅ​ថ្ងៃ​ដដែល​នេះដែរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង ​ក៏បាន​ដឹកនាំ​ថ្នាក់​នាំ​ក្រសួង​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ នៃ ប៉េ​ណា ​អនុប្រធាន​ទី​១ ​ព្រឹទ្ធសភា ដែល​បាន​ទទួល​មរណភាព​នេះដែរ​។

ថ្នាក់ដឹកនាំ​ជាតិ​កំពូល​ទាំងពីរ​បាន​សម្តែង​សេចក្តី​ក្រៀមក្រំ​ និង​ការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​មរណភាព​នេះ ​និង​សូម​ចងចាំ​ជានិច្ច​នូវ​រាល់​ស្នាដៃ​ឧ​ត្ត​ម​គតិ​វីរភាព​និង​គុណបំណាច់​របស់​ឯកឧត្តម​ដែល​ជា​ឥស្សរជន​ដ៏​ឆ្នើម​មួយរូប​ដែល​ធ្លាប់​បាន​ចូលរួម​ធ្វើ​ពលី​កម្ម​គ្រប់​បែបយ៉ាង​និង​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុង​ការ​ការពារ​កសាង​និង​អភិវឌ្ឍន៍​ជាតិ​មាតុ​ភូមិ​។

ជាមួយគ្នានេះដែរ​ឯកឧត្តម នៃ​ ប៉េ​ណា​ បាន​បំពេញបេសកកម្ម​ដ៏​ឧត្ដុង្គឧត្ដម ​ក្នុង​ការ​ចូលរួម​ដឹកនាំ​ព្រឹទ្ធសភា​ ដែលជា​ការ​ចូលរួមចំណែក​ក្នុង​ដំណើរ​ការ​ពង្រឹង​នីតិរដ្ឋ ​លទ្ធិប្រជាធិបតេយ្យ​និង​លើក​តម្កើង​កិត្យានុភាព​ជាតិ​ទាំង​ក្នុង​តំបន់​ និង​លើ​ឆាក​អន្តរជាតិ​។

ឆ្លៀត​ក្នុងឱ​កាស​ដ៏​ក្រៀមក្រំ​នេះ​ថ្នាក់ដឹកនាំ​ជាតិ​កំពូល​ទាំងពីរ ​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​លោកជំទាវ​ព្រមទាំង​ក្រុម​គ្រួសារ​ចំពោះ​ការបាត់បង់​ឯកឧត្តម នៃ ប៉េ​ណា ​ អនុប្រធាន​ទី​១​ព្រឹទ្ធសភា និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ ​ក្នុង​លោក​ និង​តេជៈ​បារមី​នៃ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​តាម​បីបាច់​ជួយ​ថែរក្សា​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ឯក​ឧ​ត្ត​ម​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕