អាជ្ញាធរ​ជាតិ​អប្សរា បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល ដាក់​អង្រឹង និង​សម្ភារៈ​ផ្សេងៗ​ នៅ​ជុំវិញ​កសិន្ធុ​ប្រាសាទអង្គរវត្ត

239

សៀមរាប ៖ ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ឲ្យ​ដឹង​ថា ​ អាជីវករ ភ្ញៀវ​ជាតិ អន្តរជាតិ និង​សាធារណជន​ទាំងអស់ ​​ត្រូវ​បញ្ឈប់ ​សកម្មភាព ​ ក្រាលកន្ទេល ដាក់​អង្រឹង ​និង​សម្ភារៈ​ផ្សេងៗ​នៅ​ជុំវិញ​ត្រពាំង​សេះ មុខ​ប្រាសាទ​ព្រហ្មកិល ​និង​លើ​វាលស្មៅ ​ជុំវិញ​កសិន្ធុ​ប្រាសាទអង្គរវត្ត ​ដើម្បី​រក្សា​ដល់​គុណ​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌ ។

យោង​តាម​សេចក្ដីជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅថ្ងៃនេះ បាន​បន្ដថា ​សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្តាប់​ធ្នាប់​សាធារណៈ​ នៃ​រមណីយដ្ឋាន​អង្គរ​ផងដែរ​។​លិខិត​ដដែល ​បាន​បន្ដថា ​កន្លងមក ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ​និង​អាជ្ញាធរ​មូលដ្ឋាន ​ធ្វើការ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ប៉ុន្តែ នៅតែមាន​បងប្អូន​អាជីវករ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទាំងនេះ​ទេ ​ដោយ​យកតែ​ប្រយោជន៍​បុគ្គល​ជា​ចម្បង​។​

លិខិត​ដដែល​បានអោយដឹងថា កា​រ​បញ្ឈប់​សកម្មភាព​នេះ ដើម្បី​លើកកម្ពស់​ និង​តម្លៃ​លេចធ្លោ​ជា​សកល​នៃ​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​លើក​តម្លៃ​វប្បធម៌​ជាតិ​ផងដែរ​។​ អាជ្ញាធរ​ជាតិ​អប្សរា អំពាវ​នាវ​អោយ បងប្អូន​អាជីវករ ​និង​ភ្ញៀវទេសចរ​ទាំងអស់ ​ចូលរួម​សហការ​បញ្ឈប់​សកម្មភាព​ក្រាលកន្ទេល​ដាក់​អង្រឹង​ និង​សម្ភារៈ​ផ្សេងៗ ​នៅ​បរិវេណ​ជុំវិញ​ត្រពាំង​សេស ​មុខ​ប្រាសាទ​ព្រហ្មកិល ​និង​លើ​វាលស្មៅ​ជុំវិញ​ក សិន្ធុ​ប្រាសាទអង្គរវត្ត ​ដោយ​ទុក​រយៈពេល​៤៥​ថ្ងៃ​(​សែសិប​ប្រាំ​ថ្ងៃ​) គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។ ​ករណី​បងប្អូន​អាជីវករ​និង​ភ្ញៀវទេសចរ ​នៅតែ​បន្តសកម្មភាព​ទាំងនេះ គណៈកម្មការ​ដឹកនាំ ​និង​សម្របសម្រួល​រៀបចំ​សណ្តាប់​ធ្លាប់​អ្នក​លក់ដូរ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​ រឹបអូស​សម្ភារៈ​ទាំងនោះ ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ណាមួយ​ឡើយ​៕