ការ​ប៉ះ​ទង្គិច​​បាន​ផ្ទុះ​ឡើង​នៅ​​អា​កាស​យានដ្ឋាន​​​ក្រុង​ហុង​កុង​ ខណៈ​អ្នក​តវ៉ា​​មួយ​ចំនួន​ត្រូវ​​ចាប់​​ឃុំ​ខ្លួន​

549

ហុង​កុង៖ ក្រុម​អ្នក​តវ៉ា​​បាន​​ផ្ដួល​​បំបះ​រទេះ​​រុញ និង​បាន​គប់​​បំផ្លាញ​​រថយន្ត​ដោយ​របស់​ផ្សេង​ៗ ​​នៅ​ខាង​ក្រៅ​​អាកាស​​យានដ្ឋាន​​ហុង​កុង​​កាល​ពី​ថ្ងៃ​អង្គារ​ មុន​ពេល​នគរបាល​​បង្ក្រាប​កុបកម្ម​​ទៅ​ដល់ និង​ធ្វើ​ការ​ចាប់​ខ្លួន​។

បាតុករ​​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​​ បាន​ធ្វើ​​ឲ្យ​អាក់​​ខាន​ទាំង​ស្រុង​​ដល់​ប្រតិបត្តិការ​នានា​ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​​ទីក្រុង​ហុង​កុង​​សម្រាប់​​ថ្ងៃ​ទី២ ​នៅ​ថ្ងៃ​អង្គារ​​ម្សិលមិញ​ ដែល​បង្ខំ​ឲ្យ​ក្រុម​​អាជ្ញាធរ​​ត្រូវ​លប់​ចោល​ ជើង​ហោះ​ហើរ​ទាំង​អស់​ដែល​នៅ​​មាន​ទាំង​ប៉ុន្មាន​ ខណៈ​ដែល​មេដឹកនាំ​​គាំទ្រ​​​​​ទីក្រុង​ប៉េកាំង ​​នៃ​ទីក្រុង​នេះ​បាន​ព្រមាន​ថា ក្រុម​អ្នក​តវ៉ា​​បាន​រុញ​ព្រឹត្តិការណ៍​​​ធ្លាក់​ចូល​ក្នុង​ផ្លូវ​មួយ មិន​អាច​វិល​​ត្រឡប់​វិញ​បាន។ បន្ទាប់​ពី​រយៈ​ពេល​ខ្លី​​មួយ​នា​ពេល​ព្រឹក​ថ្ងៃ​​នោះ នៅ​ពេល​​ជើង​ហោះ​ហើរ​​មាន​លទ្ធភាព​​ហោះ​ចេញ និង​ចុះ​ចត​​ អាជ្ញាធរ​នៅ​អាកាស​យានដ្ឋាន​​បាន​ផ្អាក​​សេវា​ត្រួត​ពិនិត្យ ​​សម្រាប់​ជើង​ហោះ​ហើរ​​ចេញ​​នៅ​វេលា​ម៉ោង ៤ និង ៣០នាទី​ល្ងាច​។ ជើង​ហោះ​ហើរ​​ចេញ​ ដែល​មាន​​ដំណើរ​ការ​ទាំង​ស្រុង​​នឹង​បន្ត​ធ្វើ​ប្រតិបត្តិការ​។

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា ជើង​ហោះ​ហើរ​​​ចូល​នឹង​មិន​ត្រូវ​​រំខាន​នោះ​ទេ​ បើ​ទោះ​បី​ជា​ជើង​ហោះ​ហើរ​​ជា​ច្រើន ​ត្រូវ​បាន​លប់​ចោល​រួច​ហើយ​ក៏​ដោយ។ ក្រុម​អាជ្ញាធរ​​បាន​ណែ​នាំ​​ប្រជាជន​​មិន​ឲ្យ​​មក​កាន់​អាកាស​យានដ្ឋាន ​​ជា​មជ្ឈមណ្ឌល​​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​​ សេវា​ដឹក​ជញ្ជូន​ដ៏​មមាញឹក​បំផុត​របស់​ពិភព​លោក​នោះ។ យ៉ាង​ណា​ក៏​ដោយ​​អាកាស​យានដ្ឋាន​​របស់​ទីក្រុង​ហុង​កុង ​​បាន​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ដោយ​កំណត់​ជា​ថ្មី​​​នូវ​​ពេល​វេលា​ នៃ​ការ​ធ្វើ​ដំណើរ​របស់​ជើង​យន្តហោះ​រាប់​រយ ដែល​ត្រូវ​បាន​អាក់​ខាន​​កាល​ពី​ ២​ថ្ងៃ​កន្លង​ទៅ​នេះ ខណៈ​ក្រុម​បាតុករ​ប៉ះ​ទង្គិច​ជាមួយ​នគរបាល​បង្ក្រាប​កុបកម្ម​ ​ក្នុង​វិបត្តិ​ដែល​កំពុង​កប់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ទីក្រុង​ ​គ្រប់​គ្រង​ដោយ​ប្រទេស​ចិន​មួយ​នេះ៕

អត្ថបទ៖ រិទ្ធី