ពលករ​ខ្មែរ​៣២​រូប ​ ត្រូវបាន ​បញ្ជូនទៅ​ធ្វើកា​រ​នៅ​កូរ៉េខាងត្បូង​

171

ភ្នំពេញ ៖ ​ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល ​វិជ្ជាជីវៈ និង​ឯកឧត្តម អូ ណាក់​យ៉ុង ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ​នា​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​១៣ សីហា ម្សិលមិញ​នេះ ​បាន​បញ្ជូន​ពលករ​ចំនួន ៣២​នាក់ ​បន្ថែមទៀត​ ឲ្យ​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ខាងត្បូង​ លើ​វិស័យ​ឧស្សាហកម្ម​។​

ឯកឧត្តម​រដ្ឋលេខាធិកា​រ ហេង សួរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​បាន​មាន​ប្រសាសន៍ថា  គិត​មកដល់​ឆ្នាំ​២០១៩​នេះ កម្ពុជា​ បាន​បញ្ជូន​ពលរ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​សរុប​ចំនួន​ជាង ៦​ម៉ឺន​នាក់​។ ក្នុងនោះ ​កម្ពុជា​ទទួលបាន​កូតា​ពី​ភាគី​កូរ៉េ ​ចន្លោះ​ពី ៤​ពាន់ ទៅ​៤.៥០០​នាក់ ក្នុង​មួយឆ្នាំ​។​

​នៅ​ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា ធ្វើការ​ផ្តាំផ្ញើរ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ថា ត្រូវ​ប្រឹងប្រែង​បំពេញការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ ពិសេស​ត្រូវខិតខំ​ក្រេប​យកចំណេះ​ជំនាញ​ទាំងឡាយ ​ដើម្បី​អាចបង្កើត​ការងារ ឬ​ មុខរបរ​ណាមួយ​សម្រាប់​ ក្រោយ​ត្រលប់មក​ស្រុកកំណើត​វិញ​។ ​

លោក​ បញ្ជាក់ទៀតថា​ ក្នុងពេល​បំពេញការងារ​នៅ​ទីនោះ ប្រសិនបើ​ពលករ​មាន​បញ្ហា​ណាមួយ សូម​ទំនាក់ទំនង​ទៅកាន់​ក្រុមការងារ​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា ដែល​ប្រចាំការ​នៅ​ទីនោះ​ ឬ​ អាច​ទំនាក់ទំនង​ទៅកាន់​មជ្ឈមណ្ឌល ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដែល​កើតមាន​នៅពេល​ធ្វើការ​នៅ​កូរ៉េ​។

​ក្នុងឱកាស​ជូន​ដំណើរ​ពលករ​ខ្មែរ​នាពេលនោះ ភាគី​កូរ៉េ បានផ្ដល់​ជូន​ដុំ​សាក​ថ្ម​ទូរស័ព្ទ (Power Bank) ជា​វត្ថុ​អនុស្សាវរីយ៍ ដែលមាន​ភ្ជាប់​ជាមួយ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​ករ​កម្ពុជា​ ទៅធ្វើ​ការ​នៅ​កូរ៉េ​ផងដែរ​។

សូម​រម្លឹក​ទៀតថា គិត​ចាប់ពី​ឆ្នាំ​២០០៧ ​មក ការប្រឡង​តេស្ត​សមត្ថភាព​កូរ៉េ ​បានរៀបចំ​ចំនួន ១៦​លើក​មកហើយ​ ដែល​អនុវត្ត​ដោយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស ​នៃ​ក្រសួង​មុខរបរ​និង​ការងារ​របស់​សាធារណរដ្ឋ​កូរ៉េ រួមសហការ​ជាមួយ​គណៈកម្មាធិការ​បណ្តុះ​បណ្តាល​ និង​បញ្ជូន​ពលករ​ទៅ​បរទេស​ ដែលមាន​បេក្ខជន​ដាក់​ពាក្យសុំ​សិទ្ធិ​ប្រឡង​សរុប​ជាង​ ៤៣​ម៉ឺន​នាក់ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ជាង​ ៨​ម៉ឺន ៩​ពាន់​នាក់​៕