កាកបាទក្រហមកម្ពុជា ទទួល​អំណោយ​មនុស្សធម៌​ពី​ក្រុមហ៊ុន​ស្តា​រីត​ខេ​ម​បូ​ឌា​

189

​​ភ្នំពេញ៖ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ ​នា​ព្រឹក​ថ្ងៃទី​១៤  ​ខែសីហា​ ​ឆ្នាំ​២០១៩​នេះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ជួប​សម្ដែង​ការគួរសម និង​ទទួល​អំណោយ​មនុស្សធម៌ ជា​កាបូបស្ពាយ​ចំនួន​១០០ ពី​ក្រុមហ៊ុន​ស្តា​រីត​ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ចិនតៃវ៉ាន់​។​

ក្នុងឱកាស​នោះ លោកជំទាវ​អគ្គលេខាធិការ​រង​ទី​១ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រតិភូ​នៃ​ក្រុមហ៊ុន​ស្តា​រីត​ខេ​ម​បូ​ឌា ដែល​បានផ្តល់​អំណោយ​កាបូប ជា​ផលិតផល​របស់​ក្រុមហ៊ុន​ផ្ទាល់ ប្រគល់ជូន​កាកបាទក្រហមកម្ពុជា​។ លោកជំទាវ ម៉ែន នារី​សោ​ភ័គ បាន​ជម្រាប​និង​បញ្ជាក់ជូន​ភ្ញៀវ​ថា កាកបាទក្រហមកម្ពុជា នឹង​អនុវត្តតាម​ការណែនាំរ​បស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​នាំយក​កាបូប​ទាំងនេះ ទៅ​ចែកជូន​សិស្សានុសិស្ស ក្រីក្រ​នៅតាម​ទីជនបទ​ដែលមាន​ជីវភាព​ខ្វះខាត​ដោយផ្ទាល់​។

លោក ផា​ទ្រី​ក ស៊ូ តំណាង​ក្រុមហ៊ុន និង​ជា​ប្រធាន​ផ្នែក​ក្រុម​ប្រតិបត្តិ​សង្គម បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋា​ភិបាល​កម្ពុជា និង​កាកបាទក្រហមកម្ពុជា ដែល​បានអនុញ្ញាត​ឲ្យ​រោងចក្រ​ផលិត​ការ​បូ​ប​របស់លោក បានរួម​ចំ​ណែក​ក្នុង​ការងារ​មនុស្សធម៌​មួយផ្នែក តាមរយៈ​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សម្រាល​ការលំបាក​របស់​ប្រ​ជា​ពលរដ្ឋ​កម្ពុជា​។ លោក​បន្តថា ក្រុមហ៊ុន​ស្តា​រីត​ទើបតែ​បើក​បាន​រយៈពេល​មួយឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ដំ​ណើរ​ការ​នៅ​ថ្ងៃទី​១ ​ខែធ្នូ ឆ្នាំ​២០១៧ ក្នុងនោះ​រោងចក្រ​បាន​ស្រូបយក​កម្មករ​បំរើ​ការងារ​ប្រមាណ​ជាង​ ២​ពាន់​នាក់​។

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ ក្រុមហ៊ុន​បាន​បង្កើតជា​កម្មវិធី​មួយ មាន​ឈ្មោះថា ក្តី​ស្រលាញ់​ដល់​កម្ពុជា ដោយ​ក្នុងនោះ​ក្រុមហ៊ុន​បានជ្រើសរើស​យក​កាកបាទក្រហមកម្ពុជា ដើម្បី​ផ្តល់​កាបូបស្ពាយ​សំរាប់​សិស្សានុសិស្ស ដោយ​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​កាកបាទក្រហមកម្ពុជា​។ លោក ផា​ទ្រី​ក ស៊ូ បាន​បញ្ជាក់ថា ពេលខាងមុខ​បើ​មាន​កន្លែង​ណា ឬ​សាលា​ណា​មាន​តម្រូវការ​កាបូប​នេះ ក្រុមហ៊ុន​និង​បន្ត​ផ្តល់ជូន​កាកបាទក្រហម សំរាប់​ចែកជូន​សិស្សានុសិស្ស​ក្រីក្រ​នៅតាម​ជនបទ​ជា​បន្តបន្ទាប់​ទៀត​ ៕​