រដ្ឋបាល​លោក Trump ចាប់ផ្ដើម​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​ការ​ខាត​បង់​សម្រាប់​ពលរដ្ឋ​អាមេរិក​ដោយ​សារ​សង្គ្រាម​ពាណិជ្ជកម្ម​

432

អាមេរិក៖ ពេញ​មួយ​រយៈពេល​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​ចិន រដ្ឋបាល​លោក​ Trump តែង​តែ​ផ្ញើ​សារ​ដដែលៗ​ថា ពួកគេ​ជា​អ្នក​បង់ពន្ធ​នាំចូល​ទាំងអស់ ពុំ​មែន​សហរដ្ឋអាមេរិក​ទេ។ ​ប៉ុន្តែ​កាលពី​ព្រឹក​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក Wilbur Ross ​ចូលរួម​ក្នុង​កម្ម​វិធី​មួយ​របស់​ស្ថានីយ​ទូរទស្សន៍ CNBC ដើម្បី​បកស្រាយ​ពី​ការសម្រេចចិត្ត​របស់​រដ្ឋបាល ក្នុង​ការ​ពន្យារពេល​ផ្នែក​ខ្លះ​នៃ​វិធាន​ការដំឡើង​ពន្ធ​ រហូត​ដល់​ថ្ងៃ​ទី​១៥ ​ខែ​ធ្នូ ដែល​នឹង​ប៉ះពាល់​ទៅដល់​ទំនិញ​នាំ​ចូល​ផ្សេង​ទៀត​ របស់​ចិន​ទៅកាន់​សហរដ្ឋអាមេរិក​។

លោក​បាន​និយាយ​សំដៅ​ដល់​បំណង​ប្រាថ្នា​ ក្នុង​ការការពារ​អតិថិជន​មិន​ឲ្យ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ អំឡុងរដូវ​វិស្សមកាល តាម​ដែល​ទំនិញ​រង​ផល​ប៉ះ​ពាល់​មាន​ដូច​ជា កុំព្យូទ័រ​យួរ​ដៃ ទូរស័ព្ទ​ដៃ សម្ភារៈ​ក្មេង​លេង​ និង​វីដេអូ​ហ្គេម រួម​ទាំង​ទំនិញ​ផ្សេងទៀត។ លោក Ross បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​រំខាន​ដល់​រដូវ​កាល Christmas នោះ​ឡើយ។ លោក​ប្រធានាធិបតី Donald Trump ក៏បាន​ចាប់ផ្ដើម​ទទួលស្គាល់​ជា​សាធារណៈ​ផង​ដែរ​ ពី​ការខាតបង់​សម្រាប់​ពលរដ្ឋ​អាមេរិក ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។​ ពេល​ត្រូវ​បាន​សួរ​អំពី​មូលហេតុ​ នៃ​ការ​ពន្យារពេល​ការដំឡើង​ពន្ធ​កាលពី​ថ្ងៃ​ចន្ទ លោក Trump ថ្លែង​ថា ​យើង​ធ្វើ​នេះ​សម្រាប់​រដូវ​កាល ​Christmas ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ​មាន