បឹងកេត​ប៉ះ​វិសាខា​គឺជា​គូ​ពិសេស ឯ​ស្វាយរៀង​រំពឹង​ឈ្នះ​ក្នុង​សប្ដាហ៍​ទី​២០

505

បាល់ទាត់៖ ការប្រកួត​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​២០ នឹង​បន្ដ​ការប្រកួត​ធម្មតា​នា​ចុង​សប្ដាហ៍ ស្រប​ពេល​ជំនួប​គូ​ពិសេស​ប្រចាំ​សប្ដាហ៍ គឺជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​បឹងកេត និង​វិសាខា។ រីឯ​ក្រុម​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​សុទ្ធតែ​រំពឹង​ឈ្នះ ពិសេស​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ត្រូវ​ជួប​ខេត្ត​កំពង់ចាម​តែម្ដង។​

បឹងកេត និង​វិសាខា​នឹង​ត្រូវ​ជួប​គ្នា​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា អ៊ែរ​វ៉េ ដោយមាន​ការផ្សាយ​ផ្ទាល់​ពី​ក្រុមការងារ BTV។ នេះ​គឺជា​ជំនួប​សងសឹក​របស់​ក្រុម​ម្ចាស់ផ្ទះ បន្ទាប់ពី​ត្រូវ​វិសាខា​យកឈ្នះ ៣២ កាលពី​ជើង​ទី​១ ហើយក៏​ជា​ការ​ប្រកួត​កំពុង​ទទួល​បាន​ ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​ផង​ដែរ។​ លោក Tunji Ayoyinka គ្រូ​បង្វឹក​វិសាខា​បាន​បញ្ជាក់​ថា នេះ​ពិតជា​ការប្រកួត​សំខាន់​សម្រាប់​ក្រុម​ទាំងពីរ ដែល​ទាមទារ​ឈ្នះ​រៀង​ៗ​ខ្លួន ពិសេស​វិសាខា​ដែល​ត្រូវ​ការ​ឈ្នះ​ដើម្បី​រក្សា​កៅអី​លេខ​២។ ដូច្នេះ​លោក​បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​តតាំង​ជាមួយ​បឹងកេត​ក្រៅ​ដី​នា​ថ្ងៃអាទិត្យ​នេះ ហើយ​លោក​ក៏​ជឿជាក់​លើ​កូន​ក្រុម​នឹង​ធ្វើ​បាន​ល្អ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ដែរ។​

ប៉ុន្តែ​មុន​ឈាន​ដល់​ការប្រកួត​ដ៏​ធំ​នេះ​នៅ​ថ្ងៃ​សៅរ៍​ក៏​មាន ៣​ប្រកួត​ដែរ រួមមាន​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី បើកទ្វារ​ផ្ទះ​ទទួល​​ក្រសួងការពារជាតិ នឹង​មាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV។ ក្រុម​សូល​ទី​ឡូ​អង្គរប៉ះ​គិរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប និង​ក្រុម​ណាហ្គា​វើ​ល​ជួប​​អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់។​ ចំណែក​ថ្ងៃអាទិត្យ​ក្រៅពី​បឹងកេត​ប៉ះ​វិសាខា ក៏​មាន ៣​ប្រកួត​ផ្សេងទៀត​ដែរ ដូចជា​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិប៉ះ​​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។ ក្រុម​អាស៊ី​អឺរ៉ុប​បើកទ្វារ​ផ្ទះ​ទទួល​​អង្គ​រថា​យ​ហ្គឺ​រ និង​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​ ត្រូវ​ជួប​ខេត្ត​កំពង់ចាម​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ហើយ​ការ​ប្រកួត​​នេះ​ក៏​មានផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV ផង​ដែរ៕

អត្ថបទ៖ លី ឈុន​ឡា