ឯកឧត្ដម លី កុសល​៖ ពាន​ប្រធាន​សហព័ន្ធ​គឺជា​ឱកាស​រើស​ថ្នាល​មក​បណ្ដុះ​ជំនាញ​បន្ថែម

181

វាយ​សី៖ ឯកឧត្ដម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះ​ការ​រៀប​ចំ​ពានរង្វាន់ “​ប្រធាន​សហព័ន្ធ​” លើក​ទី​៥ ដែល​បញ្ចប់​ដោយ​ជោគជ័យ និង​បន្ដ​ទទួល​បាន​ការឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន​។ តែ​ទន្ទឹម​ជាមួយគ្នា​ឯកឧត្ដម​បាន​បញ្ជាក់​ថា ពាន​នេះគឺជា​ឱកាស​ដ៏​ល្អ ក្នុង​ការ​ជ្រើសរើស​ថ្នាលមក​បណ្ដុះបណ្ដាល​ជំនាញ​បន្ថែម ដើម្បី​ឈាន​ទៅ​រក​កម្រិត​ខ្ពស់។

ថ្លែង​ក្នុង​ពិធី​បិទ​នា​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​សីហា ឯកឧត្ដម លី កុសល មាន​ប្រសាសន៍​ថា ឆ្លង​កាត់​ការប្រកួត ១​ថ្ងៃ​កន្លះ កីឡាករ​-​កីឡា​ការិនី​ចូលរួម​ទាំងអស់ បាន​បង្ហាញ​ការ​ប្រកួត​ប្រជែង​អស់ពី​សមត្ថភាព​រៀង​ៗ​ខ្លួន ដើម្បី​ដណ្ដើម​ជ័យជម្នះ។ តែ​សំខាន់​គោលបំណង​ពាន​នេះ គឺ​ដើម្បី​ជ្រើស​រើស​យក​ថ្នាល​ល្អ​ៗមក​បង្កើន​ជំនាញ និង​លើកកម្ពស់​ពួកគេឲ្យ​កាន់តែ​ប្រសើរ​ជា​រៀង​រាល់​ថ្ងៃ។​ ការ​ចម្រាញ់​យក​ថ្នាល​មាន​សមត្ថភាព និង​ទេពកោសល្យ​ល្អ ពិត​ជា​មាន​សារៈសំខាន់​ណាស់ក្នុង​ផែនការ​របស់​សហព័ន្ធ ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​មេដាយ​ជូន​ជាតិពី​ព្រឹត្តិការណ៍​ថ្នាក់​តំបន់ ទ្វីប និង​ពិភពលោក ពិសេស​គឺ​ការ​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​តែម្ដង។ ហេតុនេះឯកឧត្ដម​បាន​ជំរុញ​កីឡាករ​-​កីឡា​ការិនីដែល​ដណ្ដើម​បាន​ជ័យលាភី ត្រូវ​បន្ដ​ការ​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត។

ចំពោះ​ការប្រកួត​កម្រិត​ថ្នាក់​ជាតិ​នេះ​ដែរគឺ​មាន​កីឡាករ​-​កីឡា​ការិនី​សរុប ១៣៩​នាក់​មកពីក្លិប-​សមាគម​ចំនួន ១៨ ចូលរួម​។ ជា​លទ្ធផលក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈរ​លេខ​១ ដោយ​ដណ្ដើម​បាន​មេដាយ​មាស ៣​គ្រឿង ខណៈ​ក្លិប​កីឡា​វាយ​សី​ព្រះខ័ន​រាជឈរ​លេខ​២ ដណ្ដើម​បាន​មេដាយ​មាស​១ និង​ប្រាក់២ និង​សមាគម​កីឡា​វាយ​សី​ខេត្ត​កំពង់ឆ្នាំងឈរ​លេខ​៣ ដណ្ដើម​បាន​មេដាយ​មាស១ និង​ប្រាក់១៕

អត្ថបទ៖ លី ឈុន​ឡា