សម្តេច ​សាយ ​ឈុំ​ លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​-វៀតណាម​ដោះសាយ​បញ្ហា​ព្រំដែន​ឲ្យ​បាន​ឆាប់​រហ័ស

257

ភ្នំពេញ​៖ សម្តេច​វិបុល​សេនា​ភក្តី ​សាយ​ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​បាន​សម្តែង​ ការលើក​ទឹក​ចិត្ត​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​វៀតណាម​ដោះស្រា​យ​បញ្ហា​តាម​បណ្តោយ​ព្រំ​ដែន​នៃប្រទេ​ស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់​រហ័ស ​ដើម្បី​ធ្វើ​យ៉ាង​ណាឲ្យ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ក្លាយ​ជា​ព្រំដែ​ន​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ប្រសើ​បន្ថែម​ទៀត​។

ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ ​ លោក ង្វៀន វ៉ាន់ ណេន  (NGUYEN VAN NEN) លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​ និង​ជា​ប្រធាន​ខុទ្ទការល័យ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម ​នា​រសៀល​ថ្ងៃ​ទី​១៩​ ខែ​សីហា ​ឆ្នាំ២​០១៩​ម្សិលមិញ​នា​វិមាន​ព្រឹទ្ធសភា ​បាន​លើក​ឡើង​ថា​«ព្រឹទ្ធសភា​កម្ពុជា​សូម​គាំទ្រ​ទាំង​ស្រុង​នូវ​រាល់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​(កម្ពុជា-វៀតណាម) និងចាត់​ទុក​លទ្ធ​ផល​ដ៏​ធំធេង​ទាំង​នេះ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដែល​ធានា​ដល់​ការ​ថែ​រក្សា ​សន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​នៅ​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ហើយ​ព្រឹទ្ធសភា​សូម​គាំ​ទ្រ​ទាំង​ស្រុង​នូវ​ការ​ពិភាក្សា ​និង​បោះបង្គោល​ព្រំដែន​ និង​បង្គោល​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ ​និង​បន្ត​លើក​ទឹក​ចិត្ត​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ឆាប់ ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បីក​សាង ​តំបន់​ព្រំ​ដែន​នៃប្រទេសទាំង​ពីរ​នេះ ​ឱ្យ​ក្លាយ​ទៅ​ជា​ព្រំដែ​ន​សន្តិភាព​ ស្ថិរភាព មិត្តភាព ​កិច្ច​សហប្រតិបត្តិការ ​និង​អភិវឌ្ឍន៍​ដើម្បីទុ​ក​ជា​មរត​ក​សម្រាប់​កូន​ចៅ​ទាំង​ជំនាន់​នេះ ​និង​ជំនាន់​ក្រោយ​»។​

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​វិបុល​សេនា​ភក្តី​បាន​ថ្លែង​អំណ​រ​គុណ​ និង​ដឹង​គុណ​ជា​និច្ច​ចំពោះ​បក្ស​ រដ្ឋ​ កង​ទ័ព​ និង​ប្រជាជន​វៀតណាម ​ដែល​តែង​តែ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ដល់​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​របស់​ប្រជាជន​កម្ពុជា​ក្នុង​គ្រប់​ដំណាក់​កាល​ហើយ ​ប្រទេស​កម្ពុជា​សូម​ប្តេជ្ញា​រក្សា​គោល​ជំហ​ឥត​ងាក​រេនូ​វ​ការ​ពង្រឹង ​និង​ពង្រឹក​នូវ​ចំណង​សាមគ្គី​ភាព​ មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិកា​រ​រវាង​ប្រជជន ​និង​ប្រទេស​ទាំង​ពីរ​ ក្រោម​ពាក្យ​ស្លោក​ អ្នក​ភូមិ​ផង​ល្អ ​មិត្ត​ភាព​ជា​ប្រពៃណី ​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ ​និង​យូរ​អង្វែង​។

សម្តេច​ប្រធា​ន​ព្រឹទ្ធ​សភា​ បាន​គូ​ស​បញ្ជាក់​ទៀត​ថា ​ព្រឹទ្ធស​ភា​កម្ពុជា ​មាន​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ជា​មួយ​នឹង​រដ្ឋសភា​វៀតណាម​ ទាំង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ​ពហុភាគី ​ក្នុង​ក្របខណ្ឌ​តំបន់​ និង​អន្តរជាតិ​ដូចជា​AIPA, APF, IPU និងCLV ជា​ដើម​នោះ​។

ថ្លែង​នៅ​ក្នុង​កិច្ច​ជំនួប​នោះដែ​រ​លោក​ ង្វៀន ​វ៉ាន់​ណេន​ បាន ​សម្តែង​នូវ​ការ​អបអរសាទ​រ​ចំពោះកា​រ​រីក​ចម្រើន​ និង​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស ​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល ​និង​របស់ព្រឹ​ទ្ធសភា ​រដ្ឋ​សភា​កម្ពុ​ជាបច្ចុប្បន្ន ​ហើយ​លោក​បាន ​សម្ដែង​នូវ​សេចក្តី​រីករាយ​ដោយ​មើល​ឃើញ​ប្រទេសទាំ​ង​ពីរ​ មាន​ទំនាក់​ទំនង ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា ​ប្រកប​ដោយ​ចីរភាព​ និង​ស្ថិរភាព​នោះ។​

ក្នុង​ឱកាស​នោះ​ដែរ​លោក​ ង្វៀន ​វ៉ាន់​ណេន​ ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសេរ ​និង​ការ​ខិតខំ​ប្រឹង​ប្រែងរ​បស់​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់​ព័​ន្ធ ចំពោះ​ការងារ​បោះ​បង្គោល​ព្រំ​ដែន​បង្គោល​ខណ្ឌ​សីមា​រ​វាង​ប្រទេស​ទាំ​ងពីរ​និង​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ​នៃ​ប្រទេស​ទាំង​ពីរ​ ដែ​លបា​ន​ជួយ​ជំរុញ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ ឈាន​ដល់​ការ​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​ទទួ​ល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន ​និង​បង្គោល​ខណ្ឌសី​មា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម ​អធិបតីភាព ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ​នា​ខែកញ្ញា ​ឆ្នាំ២​០១៩​ ខាង​មុខនេះផង​ដែរ​៕