រដ្ឋមន្រ្តីការបរទេសវៀតណាម នឹងមកដល់កម្ពុជា នៅរសៀលថ្ងៃនេះ

273

ភ្នំពេញ ​៖ រដ្ឋមន្រ្តីការបរទេសវៀតណាម នឹងមកដល់កម្ពុជា ​នៅរសៀលថ្ងៃទី២០ សីហានេះ ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ​ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម នឹងដឹកនាំគណៈប្រតិភូមកដល់​​កម្ពុជា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីធ្វើជា​សហប្រធានជាមួយ ឧបនាយក​ រដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៧ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌​ វិទ្យាសាស្រ្ត និងបច្ចេកទេស ដែលព្រឹត្តទៅនៅរាជធានី ភ្នំពេញ ថ្ងៃទី២០២១ ខែសីហា។

បើតាមគម្រោង នៅរសៀលថ្ងៃទី២០ សីហា ​ឯកឧត្តមរដ្ឋមន្រ្តីការបរទេសវៀតណាម នឹងចូលជួប​សម្តែង​ការគួរសម​ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ថ្ងៃទី២១ សីហា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា​ និង ឯកឧត្តម ផាម ប៊ិញមិញ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម លើកទី១៧ នៅ​ទីស្តីការក្រសួង។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជាវៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់​​ក្នុង​គោល​បំណង ធ្វើបច្ចុប្បន្ន​ភាព​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និងរិះរកវិធី​ និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀត នូវវិសាលភាព​ និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាង​ប្រទេសទាំងពីរ នៅ​ក្នុងវិស័យនានា។ កិច្ចប្រជុំនេះ ​ក៏នឹងផ្តល់​កាលានុវត្តភាព​សម្រាប់​ភាគីទាំងពីរ ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈគ្នា​លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់​ និងអន្តរជាតិ​ ដែលមានផល​ប្រយោជន៍​ទៅ​វិញទៅមកផងដែរ៕