NOCC ត្រៀម​ប្រកាស​ប្រឡង​គំនូរ​ស្លាក​សញ្ញា Logo និង Mascot ស៊ី​ហ្គេម​ឆ្នាំ២០២៣ ស្អែក​នេះ

143

ស៊ីហ្គេម៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​ប្រកាស​នឹង​រៀបចំ​សន្និសីទ​សារ​ព័ត៌​មាន ស្ដីពី​ការ​ប្រឡង​ជ្រើសរើស​គំនូរ​ស្លាក​សញ្ញា Logo និង​រូប​សញ្ញា Mascot នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នា​ថ្ងៃ​ទី​២៣ ខែ​សីហា​ស្អែក​នេះ​នៅ​ទីស្នាក់ការ NOCC ផ្ទាល់​តែម្ដង។

ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា CAMSOC បាន​បញ្ជាក់​ថា ការ​ប្រឡង​គំនូរ Logo និង Mascot ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នេះស្ថិត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩ របស់ CAMSOC ដើម្បី​ជ្រើសរើស​ស្លាក​សញ្ញា និង​រូប​សញ្ញា​ផ្លូវការ សម្រាប់​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ។​ ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ប្រឡង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​ធ្វើ​ការ​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃស្អែក។ ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​សិស្ស​-​និស្សិតដែល​មាន​សមត្ថភាពត្រៀម​ខ្លួន​​ចូលរួម​ឲ្យ​បាន​ច្រើន ដើម្បី​បង្ហាញ​សមត្ថភាព ស្នាដៃ និង​មានឱកាស​បន្សល់​នូវ​សមិទ្ធផល​របស់​ខ្លួន ក្នុង​ការ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ទៀត​ផង៕

អត្ថបទ៖ លី ឈុន​ឡា