Fernando Torres នឹង​លេង​ប្រកួត​ចុងក្រោយ​ថ្ងៃ​សុក្រ​នេះ​មុន​ចូលនិវត្តន៍​

321

បាល់ទាត់៖ ​Fernando Torres សង្ឃឹមថា ​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​ក្នុង​ការ​ប្រកួត​ចុងក្រោយ​ នៃ​អាជីព​កីឡាករ​បាល់ទាត់​របស់​ខ្លួន​នៅ​ពេល Sagan Tosu​ ទទួល​ភ្ញៀវ Vissel Kobe នៅ​ថ្ងៃ​សុក្រ​នេះ​ក្រប​ខណ្ឌ​លី​គ​កំពូល​ជប៉ុន​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ​អេ​ស្ប៉ា​ញ​រូប​នេះ ​បាន​ប្រកាស​កាលពី​ខែ​មិថុនា​កន្លងទៅ​ថា គេ​នឹង​ចូលនិវត្តន៍​មែន​ទែន​ហើយដោយ​ជ្រើសរើស​ជំនួប​ជាមួយ Vissel Kobe ជា​ប្រកួត​ចុងក្រោយ​នៃ​អាជីព​បាល់ទាត់ ពោល​គឺ​នឹង​ប្រឈម​ជាមួយ Vissel Kobe ដែល​មាន​អតិ​ត​មិត្ត​រួម​ក្រុម​ជំរើស​ជាតិ​អេ​ស្ប៉ា​ញ​ដូចជា Andres Iniesta​ និង David Villa​។​ ​Fernando Torres ជា​សមាជិក​ក្រុម​អេ​ស្ប៉ា​ញ​ដែល​ឈ្នះ​ជើងឯក World Cup ២០១០ នៅ​អាហ្វ្រិក​ខាងត្បូង និង​ជើងឯក​អឺរ៉ុប Euro ២០០៨ និង ២០១២​។

​​កីឡាករ​ដែល​ផុស​ចេញពី​ថ្នាល​យុវជន​របស់ Ateltico Madrid រូប​នេះ​បាន​ចំណាយ​ពេល ១៨​ឆ្នាំ​ជាមួយ​ក្លិប​អាជីព រួមមាន Ateltico Madrid, Liverpool, Chelsea, AC Milan និង​ចុងក្រោយ​បំផុត​ជាមួយ Sagan Tosu​ នេះ​។ ​កីឡាករ​វ័យ ៣៥​ឆ្នាំ​រូប​នេះ​ បាន​មកដល់​ទឹកដី​ជប៉ុន​កាលពី​ខែ​កក្កដា​ឆ្នាំមុន ស៊ុត​បញ្ចូល​ទី​បាន ៣​គ្រាប់​ក្នុង​រដូវ​កាល​ដំបូង និង​ពីរ​គ្រាប់​រដូវ​កាល​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ