កូនឈើ​២​ម៉ឺន​៥​ពាន់​ដើម​ត្រូវបាន​ដាំ​នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម (​ភ្នំ​គូលែន​)​

273

សៀមរាប ៖ ​កូនឈើ​ចម្រុះ​ចំនួន​២​ម៉ឺន​៥​ពាន់​ដើម​ ត្រូវបាន​ក្រសួងបរិស្ថាន​រៀបចំ​ដាំ​ដុះ​ឡើងវិញ ​នៅ​ឧទ្យាន​ជាតិ​ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម (​ភ្នំ​គូលែន​) ខេត្តសៀមរាប​ លើ​ផ្ទៃដី​ប្រមាណ​ជា​១៦​ ហិកតា​។

នាយកដ្ឋាន​ជីវភាព​សហគមន៍ នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន ​បានផ្តល់​កូនឈើ​ព្រៃ​ចំនួន ពីរម៉ឺន​ប្រាំ​ពាន់​ដើម​ ដើម្បី​ដាំ​ដុះ​ក្នុងព្រៃ​សហគមន៍ ​តំបន់ការពារធម្មជាតិ​ជប់​តា​សុក ស្ថិតក្នុង​ឃុំ​ខ្នងភ្នំ ស្រុក ស្វាយ​លើ ខេត្តសៀមរាប ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​។

ពិធី​ដាំ​កូនឈើ​នេះ បានធ្វើ ឡើង​កាលពីថ្ងៃទី​២៣ ខែសីហា ​ម្សិលមិញ ក្រោម​គម្រោង​ជំរុញ​ភាព​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ របស់​សហគមន៍​ជនបទ​ រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​។ តាមរយៈ​នៃ​គម្រោង​នេះ ក្រសួងបរិស្ថាន ​មាន គោលដៅ ដាំ​កូនឈើ​នៅលើ​បី​ទីតាំង សរុប​ផ្ទៃដី​មាន​ចំនួន​១៦​ហិកតា ដែល​ដកហូត​បាន​ពី​ការ​កាប់​ទន្ទ្រាន​ដីព្រៃ ​តាម សហគមន៍​តំបន់ការពារធម្មជាតិ ​ នៅក្នុង​ខេត្តសៀមរាប​។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការដាំ​ស្តារ​កូនឈើ​ចំនួន​២៥ ពាន់​ដើម​ឡើងវិញ នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ជប់​តា​សុក នៅលើ​ខ្នងភ្នំ​គូ​លេន​នេះ បានបង្ហាញ​ឲ្យ ឃើញ​នូវ​ការ​គាំទ្រ​ពី​ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ​ដែល​បាន​ចាត់ទុកថា​ការដាំ​កូនឈើ គឺជា​កាតព្វកិច្ច​ចម្បង​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​។

ឯកឧត្តម បាន​លើកទឹកចិត្ត​សហគមន៍ ឲ្យ​ចូលរួម​ពង្រឹង និង​អនុវត្ត​ច្បាប់ ​ស្តីពី​តំបន់ការពារធម្មជាតិ ការគ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​ឲ្យ​មាន​និរន្ត​ភាព ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឈប់​បរបាញ់​សត្វ ហើយ​រួមគ្នា​ការពារ​ព្រៃឈើ ក៏ដូចជា ​ធនធានធម្មជាតិ​ឲ្យ​បាន​កាន់តែ​សម្បូរបែប ​បង្កើន គម្រប​ព្រៃ តាមរយៈ​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ ​នៅក្នុង​តំបន់ការពារធម្មជាតិ រួមចំណែក​កាត់បន្ថយ​នូវ ការប្រែប្រួល​អាកាសធាតុ​។

ឯកឧត្តម បាន​ឲ្យ​ដឹងថា ប្រជា​សហគមន៍ អាច​ដកហូត​ប្រើប្រាស់​ផល​អនុផល​ព្រៃឈើ​បាន សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ប្រសើរ​ជាង​នេះ​។ សហគមន៍​ ត្រូវមាន​គំនិត​ច្នៃ​បង្កើត ហើយ​ផ្តល់​សេវា​ទេសចរណ៍ធម្មជាតិ ​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ ​និង​អភិវឌ្ឍ​សហគមន៍​បន្តទៀត ឲ្យ បាន​កាន់តែ​ប្រសើរឡើង​។​

ឯកឧត្តម សៅ សុភាព បាន​បញ្ជាក់ថា សកម្មភាព​នៃ​ការចូលរួម​នេះ ក៏​ជា​សក្ខីកម្ម នៃ​ការ​ភ្ញាក់រលឹក ទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​គ្រោះមហន្តរាយ​បាត់បង់​ព្រៃឈើ និង​ស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត ​នៃ​មាតុភូមិ ​សម្រាប់​ជំនាន់​នេះ​ និង​សម្រាប់​ជំនាន់ ក្រោយៗ​ទៀត ដែល​ត្រូវ​ចាប់​ផ្តើម​ដោយ​ឥត​បង្អែរ​បង្អង់​នូវ​ផែនការ​ស្តារ​ព្រៃឈើ ​និង​ការដាំ​កូនឈើ​ឡើងវិញ ជា​ខ្សែ​សង្វាក់​គ្រប់ទិសទី ដើម្បី​មាតុភូមិ​កម្ពុជា​ រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ និង​មាន​សម្រស់​ស្រស់ បំព្រង​ដោយ​រុក្ខជាតិ​ពណ៌​បៃតង​ឡើងវិញ​៕