លោក ម៉ឹង យូ​ឡេង នឹង​បន្ត​ចាត់វិធានការ​យ៉ាង​តឹងរឹង​បំផុត​ ចំពោះ​ឈ្មួញ​រកស៊ី​ដឹកដី ដឹក​ខ្សាច់​ ដែល​បង្ករ​ផល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ

171

តាខ្មៅ ៖ លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ ​បាន​អះអាង​ថា នឹង​ចាត់វិធានការ​យ៉ាង​តឹង រឹង​បំផុត​ចំពោះ​ ឈ្មួញ​រកស៊ី​ដឹក ដី ដឹក​ខ្សាច់​ ដែល​បង្ករ​ការ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ ​អ្នកដំណើរ​ និង​តម្រូវ​ឱ្យ​ការ​ដឹកជញ្ជូន​ទាំងអស់​ត្រូវ​គោរព​តាមច្បាប់​កំណត់ ​ត្រូវ​មាន​ការ​បាញ់​សម្អាត​មុន​ចាប់ផ្ដើម​ការ​ធ្វើដំណើរ ​មានការ​គ្រប​ត្រឹមត្រូវ ​និង​មិន​ត្រូវ​ដឹក​ហួសកំណត់​ជាដាច់ខាត​ ព្រោះ​ច្បាប់​មិន​លើកលែង​ចំពោះ​ជន​ប្រព្រឹត្តិ​ល្មើស​នោះទេ។

លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធា​រណការ​ និង​ដឹកជញ្ជូន​ខេត្ត ​កណ្ដាល​ បាន​អះអាងបែបនេះ ក្នុង​ឱកាស ​ចុះរៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ថ្មើរជើង​ និង​សម្អាត​តាម​ផ្លូវ​ជុំវិញ​ក្រុង ​​តាខ្មៅ​ កាលពី​​ថ្ងៃទី ២៤ ​ខែសីហា ​ឆ្នាំ ២០១៩ ​កន្លងមក​ ។ ​មន្ទីរ​សាធារណការ ខេត្ត កណ្ដាល សហការ​ជាមួយ​មន្ទីរ​ផ្សេងៗ​ រួមទាំង​ មន្ត្រីសង្កាត់​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០០​នាក់ ​បាន​ធ្វើ​យុទ្ធនាការ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ថ្មើរជើង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង ​តាខ្មៅ ​និង​បោសសម្អាត​អនាម័យ​តាម​ដង​ផ្លូវ​ជាច្រើន​ខ្សែ​។

តាមរយៈ​យុទ្ធនាការ​ នៅ​ចុង​សប្ដាហ៍​នេះ​ផ្ទាល់ ​លោក ម៉ឹង យូ​ឡេង បញ្ជាក់ថា ​មាន​ក្រុមការងារ​ប្រមាណ​ជាង ៣០០​នាក់ ​ដោយ​បែង​ចែកជា​ ៤​ក្រុម​ផ្សេងគ្នា​ ក្នុងការ​រៀបចំ​និង​សម្អាត​តាម​ដងផ្លូវ​។​

លោក​ បញ្ជាក់ថា ក្រុមទី​១ ធ្វើការ​សម្អាត​នៅ​ទីតាំង​ផ្លូវ ២១ B​ ឆ្ពោះទៅ​ស្ពាន​ព្រែក​ហូរ ​មាន​ប្រវែង ​ជាង ២​គីឡូម៉ែត្រ ​និង​សម្អាត​តាម​ដងផ្លូវ​ក្នុង​សង្កាត់​កំពង់​សំណាញ់​ រីឯ​ក្រុម​ទី​២ ​បាន​ចុះ​បំពេញ​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​អនាម័យ​ ចាប់ពី​ស្ពាន​ព្រែក​សំរោង ​កាត់​មក​ផ្លូវ ២១A រួច​ភ្ជាប់​មក​ផ្លូវជាតិ​លេខ ២​។ ​ចំណែក​ក្រុម​ទី ៣ បំពេញការងារ​ចាប់ពី​ រង្វង់​មូល​ក្រុង​តាខ្មៅ ​រហូតដល់​ព្រំប្រទល់​ស្រុក ស្អាង​ និង​ក្រុមទី៤​ បំពេញការងារ​ពី​ចំណុច ផ្លូវ​២០៦​ និង​ដងផ្លូវ​ផ្សេងៗ​ក្នុង​ក្រុង​តាខ្មៅ និង​បន្ត​រហូតដល់​ស្ពាន​ព្រែក​ហូរ​ផងដែរ​។

លោក ប្រធាន​មន្ទីរ​សាធារណការខេត្តកណ្ដាល ​បន្តថា ​យុទ្ធនាការ​នេះ​ នឹង​បន្ត​ធ្វើជា​លក្ខណៈ​ភ្លៀងរលឹម ​និង​ព្យាយាម​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សណ្ដាប់ធ្នាប់​ រួម​ទាំង​បញ្ហា​អនាម័យ​ដល់​ប្រជាពលរដ្ឋ​កាន់​តែច្រើន​។​ លោក ​ក៏​សង្ឃឹម​ដែរ​ថា ​ប្រជាពលរដ្ឋ​នឹង​ចូលរួម​សហការ ដើម្បី​ភាព​ស្អាត​របស់​ក្រុង ​តាខ្មៅ​ទាំងមូល​៕