រន្ទះ​បាញ់​របួស ៦​នាក់​ក្នុង​ការ​ប្រកួត​វាយ​កូន​គោល Tour Championship ថ្ងៃ​ចុង​ក្រោយ​នៅ​អាមេរិក​

472

វាយ​កូន​គោល៖ ​មាន​អ្នក​របួស​ ៦​នាក់ សំណាង​ដែល​គ្មាន​អ្នក​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​រន្ទះ​បាញ់ ២​លើក​អំឡុង​ការប្រកួត​ថ្ងៃ​ចុងក្រោយ​ នៃ​ព្រឹត្តិការណ៍​វាយកូនគោល Tour Championship នៅ​ទីក្រុង​អាត្លង់តា​សហរដ្ឋអាមេរិក​។

​​ការប្រកួត​ត្រូវ​បាន​ផ្អាក​នៅ​វេលា​ម៉ោង ៤ និង ១៧​នាទី​ល្ងាច​ម៉ោង​នៅ​សហរដ្ឋអាមេរិក ក្រោយ​មាន​ភ្លៀង​ព្យុះ​រន្ទះ​ខ្លាំង​។ រ​ហូត​ដល់​ម៉ោង ៤ និង ៤៥​នាទី​ល្ងាច​ថ្ងៃ​ដដែលក៏​មាន​រន្ទះបាញ់​ ២​លើក​នៅ​ទីលាន​វាយកូនគោល East Lake Golf Club​។ ​តាម​ភ្នាក់ងារ PGA Tour បាន​អោយ​ដឹង​ថា មនុស្ស ៦​នាក់​បាន​រង​របួស​ពី​ហេតុការណ៍​នេះ ខណៈ​រន្ទះបាញ់​បាញ់​ចំ​ដើមឈើ​។ សំណាង​ណាស់​ដែល​មនុ​ស្ស​ទាំង ៦​នាក់​នោះ​មិន​មាន​របួសធ្ងន់ធ្ងរ ​ដែល​អាច​ឈាន​ដល់​បាត់បង់​ជីវិត​នោះ​ទេ ក្នុង​នោះ ៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​ម្នាក់ទៀត​សង្គ្រោះ​បឋម​នៅ​នឹង​កន្លែង​។​ ​យ៉ាង​ណាក្តី​ក្រោយ​អាកាសធាតុ​ត្រលប់​មក​ប្រក្រតី​វិញ ការប្រកួត​ពានរង្វាន់ Tour Championship ដែល​ជា​ការប្រកួត​ពាន​ចុងក្រោយ​គេ​ប្រចាំ​ឆ្នាំ​២០១៩ នេះ​បាន​បញ្ចប់​សព្វគ្រប់​ហើយ​ ដោយ​កីឡាករ​អៀក​ឡង់​ខាងជើង Rory McIlroy​ ជា​អ្នក​គ្រង​ជើងឯក​៕

អត្ថបទ​៖​នាង សុភា​វុ​ធ