PSG៖ ​របួស​របស់​ Mbappe និង​ Cavani​ នឹង​ត្រូវ​អវត្តមាន​យ៉ាង​ហោច ៣​-​៤​សប្ដាហ៍​ពី​ទីលាន​

197

បាល់ទាត់៖ ក្លិប Paris Saint-Germain​ បាន​ប្រកាស​ថា​ ខ្សែប្រយុទ្ធ​ជួរមុខ​ទាំង ២រូប​គឺ​ Kylian Mbappe ​និង Edison Cavani​ នឹង​ត្រូវ​អវត្តមាន​យ៉ាងហោចណាស់​ ៣​ទៅ​ ៤​សប្ដាហ៍ ​បន្ទាប់ពី​ទទួលរង​របួស​កំឡុង​ការប្រកួត​ទល់នឹង Toulouse កាលពី​រាត្រី​ថ្ងៃអាទិត្យ​កន្លងទៅ​។

ក្រោយ​ការពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​ក្រុម​វេជ្ជបណ្ឌិត ​ស្ថានភាព​របស់​ខ្សែប្រយុទ្ធ​ Kylian Mbappe ​ត្រូវតែ​សម្រាក​ពី​ទីលាន​យ៉ាងហោចណាស់​ ៤​សប្ដាហ៍ ​ឬ​យូរ​ជាង​នេះ ​ដោយ​ត្រូវ​តាមដាន​បន្ថែម​ទៅលើ​ការ​វិវឌ្ឍ​របស់​គេ​។​ ដោយ​ឡែក​ចំពោះ​ Cavani​ ដែល​រង​របួស​ក្នុង​ការប្រកួត​ដំណាលគ្នា​ជាមួយ​ Mbappe ​ដែរ​នោះ​ក៏​ត្រូវ​បាន​ពិនិត្យ​ចំពោះ​ស្ថានភាព​របួស​រួចរាល់​ដែរ​ ខណៈ​ដែល​គ្រូពេទ្យ​បាន​ឱ្យ​ដឹង​ថា ​ស្ថានភាព​របួស​របស់​ Cavani​ នឹង​ត្រូវ​ការ​ពេល​ច្រើនជាង​ ៣​សប្ដាហ៍​ដើម្បី​វិល​មក​សភាព​ដើម​វិញ​។

គួរ​បញ្ជាក់​ថា ​ក្រោយ​បញ្ហា​របួស​ផ្ទួនៗ​របស់​ខ្សែប្រយុទ្ធ​ទាំង​ ២រូប​ខាងលើ​ក្លិប PSG អាច​នឹង​ត្រូវ​ជួប​ប្រទះ​បញ្ហា​ទៅលើ​កង្វះ​ខ្សែប្រយុទ្ធ​មុត​ស្រួច ​ស្រប​ពេល​ដែល Neymar ក៏​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់ ​ព្រម​ទាំង​មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឱ្យ​ចូល​លេង​ផង​នោះ​៕

​​អត្ថបទ​៖​ ខន ​មេសា