ករណី​បាញ់សម្លាប់ ​នៅ​ក្នុង​ផ្សារ​ទំនើប​ អ៊ី​អន​២ ជា​ព័ត៌មាន​មិន​ពិត

241

ភ្នំពេញ ៖ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នៅ​រសៀល​ថ្ងៃទី​២៨ ខែសីហា​ ឆ្នាំ​២០១៩​នេះ ​បាន​ចេញ​មក​ច្រាល​ចោល​នូវ​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា ​មាន​ករណី​បាញ់សម្លាប់​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២​ ថា​ ជា​ព័ត៌មាន​មិន​ពិត​ឡើយ​។

តាម​ការ​បញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ ​បាន​ច្រាល​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​មួយ​ចំនួន​ថា ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​ផុស​ឡើង​ដោយ​ជន​មួយ​ចំនួន​តូច​ក្នុង​គោលបំណង​បំពុល​បរិយាកាស​សង្គម ក៏ដូចជា​ ការបង្ករ​អសន្តិសុខ​ដល់​សង្គមជាតិ​តែប៉ុណ្ណោះ​។ ​ជាក់ស្តែង​ករណី​ក្នុង​រូបភាព​នេះ ជា​ករណី​ជម្លោះ​ដែល​ឈាន​ ដល់​ការយក​កាំបិត​ចាក់​គ្នា ​ដែល​កើតឡើង​នៅ​ក្នុង​ផ្សារ​ទំនើប​មួយកន្លែង​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង ចា​កាតា ប្រទេស​ឥណ្ឌូនេស៊ី ​ប៉ុន្តែ​ជន​ឆ្លៀតឱកាស​ខ្លះ​បាន​ព្យាយាម​ភ្ជាប់​យក​ករណី​ទាំងនោះ​យក​មក​ផុស​ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​យល់​ច្រឡំ​តែប៉ុណ្ណោះ​។

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ក៏បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​ដើម្បី​ចុះ​ស្រាវជ្រាវ​នៅ​ផ្សារ​ទំនើប អ៊ី​អន​២​ ហើយ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ពុំមាន​ករណីនេះ​កើតឡើង​ទេ វា​ជា​ព័ត៌មាន​មិន​ពិត​។ ទន្ទឹម​នោះ​អធិការនគរបាល​ខណ្ឌ​សែន​សុខ ​បាន​សរសេរ​បំភ្លឺ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ថា ​ករណីនេះ​ គឺ​ពុំមាន​កើត​នៅក្នុង​ផ្សា​ទំនើប​អ៊ី​អន​២​នោះទេ លោ​ក​ថា​ មុននឹង​ផ្សាយ​សូម​ឲ្យ​មាន​មូលដ្ឋាន​ព័ត៌មាន​ឲ្យ​ច្បាស់លាស់ កុំ​ចេះតែ​ផ្សាយ​ដើម្បី​បំប៉ោង​សភាពការណ៍​។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ មុននឹង​ផុស ចុច Like និង Share រាល់​ព័ត៌មាន​នានា ​សូម​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​អំពី​ប្រភព​នៃ​ព័ត៌មាន ​ដើម្បី​ជៀសវាង​នូវ​ការ​ផុស Like និង ​Share នូវ​ព័ត៌មាន​មិន​ពិត​ដែល​មាន​ចរឹក​ញុះញង់ ​និង​បង្ករ​អសន្តិសុខ​ដល់​សង្គមជាតិ ៕