លោក ត្រាំ៖ វា​ហាក់​ដូច​ជា​ឆាប់​ពេក​ក្នុង​ការ​ចរចា​ជាមួយ​ក្រុង​ប៉េកាំង អំពី​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​មួយ​ស្ដីពី​ពាណិជ្ជកម្ម​

199

​អាមេរិក៖ ប្រធានាធិបតី​អាមេរិកលោក​ ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​និយាយ​ថា វា​ហាក់​ដូច​ជា​ឆាប់​ពេកសម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ចរចា​ជាមួយទីក្រុង​ប៉េកាំងអំពី​ការ​បង្កើត​ កិច្ចព្រមព្រៀងមួយ​ស្ដីពី​ពាណិជ្ជកម្ម​ ដោយលើក​ឡើង​ថា ការ​តម្លើង​ពន្ធ​របស់​សហរដ្ឋអាមេរិក គ្រប់​គ្រាប់​នឹង​ដាក់​សម្ពាធ​បង្ខំ​ឲ្យ​ទីក្រុង​ប៉េកាំង​ ធ្វើ​សម្បទាននៅ​ឯ​តុ​ចរចា​។

​លោក​ ត្រាំ បាន​និយាយ​អំឡុងធ្វើ​សេចក្ដីអធិប្បាយ ​ស្ដីពី​ពាណិជ្ជកម្ម​នៅ​ឯ​សិត​វិមាន​ថា ប្រទេស​ចិន​ចង់​ចរចា​ខ្លាំង​ណាស់​ ហើយ​លោក​និយាយ​ថា ​និយាយ​ឲ្យ​ត្រង់​ទៅវា​ហាក់​ដូច​ជា​ឆាប់​ពេក​ក្នុង​ការចរចា​។​ មិន​អាច​ចរចា​នៅ​ពេល​នេះ​បានទេ ព្រោះ​ពួកគេ​មិនទាន់​ត្រៀមខ្លួន​រួចរាល់​នៅឡើយ​។​ ប្រសិនបើ​មនុស្ស​បង្ខំ​ធ្វើ​អ្វី​លឿន​ខ្លាំង​ពេក អ្នក​នឹង​មិន​បង្កើត​កិច្ចព្រមព្រៀង​ឱ្យ​បាន​ត្រឹមត្រូវ​ សម្រាប់​កម្មករ​របស់​យើង ​និង​ប្រទេស​របស់​យើង​បានទេ​។​ ក្នុង​អំឡុងការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក ដែលផ្ដោត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ របស់​សហរដ្ឋ អាមេរិក​ជាមួយ​ប្រទេសកាណាដា និងម៉ិ​ក​ស៊ិ​ក លោក ត្រាំ បាន​កោតសរសើរ​លើ​អំណាច​នៃ​ការ​តម្លើង​ពន្ធ​ ដែល​លោក​បាន​ដាក់​ដើម្បី​នាំ​យក​ដៃគូ​ ពាណិជ្ជកម្ម​អាមេរិក​នានា​ទៅកាន់​តុ​ចរចា​។​

​រដ្ឋបាល​របស់​លោក​ ត្រាំ បាន​តម្លើង​ពន្ធ​លើ​ទំនិញ​របស់​ចិន​ក្នុង​ទំហំ​ទឹកប្រាក់ ​200ពាន់​លាន​ដុល្លារ​កាលពី​ខែ​មុន​ ហើយ​កំពុង​គំរាម​តម្លើង​ពន្ធ​លើ​ទំនិញ​ស្ទើរតែ​ទាំង​អស់ ​នៃ​ទំនិញ​នាំចេញ​របស់​ចិន​ចូល​ទៅ​កាន់​សហរដ្ឋ អាមេរិក​៕
អត្ថបទ៖ សុខ​មាន