គោព្រៃ​កម្ពុជា​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប៉ះ​ហុងកុង​នា​ថ្ងៃ​ទី​០៥ ខែកញ្ញា​

804

បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​កម្ពុជាបាន​ចាប់ផ្ដើម​ ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​ផ្លូវការ​ហើយ ក្រោយ​ប្រកាស​បញ្ជី​ឈ្មោះ​បឋម ១​ថ្ងៃដែល​ហាត់​នៅ​ទីលាន AUPP កាលពី​ម្សិលមិញ ដើម្បី​ចម្រាញ់​កីឡាករ​ជើង​ខ្លាំង ២៣​នាក់​ត្រៀម​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ តតាំង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហុងកុង និង​បា​រ៉ែ​ននៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នៅ​កាតា វគ្គ​ជម្រុះ​ជុំ​ទី​២-​តំបន់​អាស៊ី ពូ​ល C នា​ដើមខែ​កញ្ញា ឆ្នាំ​២០១៩។

ការ​ប្រមូលផ្ដុំ​នេះ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លោក Felix G-Dalmas ខណៈ​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មិនបាន​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​ដំបូង​នេះ​ឡើយ។ ជា​រួម​ក្រុម​គោព្រៃ​កម្ពុ​ជា​មាន​ពេល ១​សប្ដាហ៍​គត់ដើម្បី​ហ្វឹកហាត់​ជុំ​គ្នា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​សីហាដល់​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ខណៈ​នៅ​ថ្ងៃ​បន្ទាប់​កម្ពុជាត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ហុងកុង បើកឆាក​ពូ​ល C មុនគេនៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា។​ ចំពោះ​សមាសភាព​កីឡាករ​ត្រូវ​បាន​កោះហៅ​ ប្រមូលផ្ដុំ​មាន​ចំនួន ៣៥​នាក់មកពី ៩​ក្លិប ក្នុងនោះ​មាន​កីឡាករ​វិសាខា ១០​នាក់​, ភ្នំពេញ​ក្រោ​ន ៦​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៥​នាក់​, ណាហ្គា​វើ​ល ៤​នាក់​, បឹងកេត ៤​នាក់​, ក្រសួង​ការពារជាតិ ៣​នាក់ ខណៈ​អង្គ​រថា​យ​ហ្គឹ​រ​, គិរីវង់ និង​សាលា​បាល់ទាត់​ជាតិ​បាទី​ម្នាក់ៗ​ដូចគ្នា។

ប៉ុន្តែ​ក្នុងចំណោម​កីឡាករ​ទាំងអស់លោក Felix G-Dalmas នឹង​ជម្រុះ​ទុក ២៣​នាក់​ប៉ុណ្ណោះត្រៀម​ជួប​ហុងកុង។​ គួរ​ដឹង​ថា បន្ទាប់ពី​ជួប​ហុងកុង​បាន ៥​ថ្ងៃពោល​គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ក្រុម​គោព្រៃ​កម្ពុជា​នឹង​បន្ដ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ទទួល​ក្រុម​ជម្រើស​ជាតិ​បា​រ៉ែ​ន ១​ប្រកួត​ទៀតដែល​ជា​ប្រកួត​ទី​២ ក្នុង​ពូ​ល C។ អ្វី​ដែល​ពិសេស​សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ ក៏​នឹង​មាន​ការផ្សាយ​ផ្ទាល់​ដោយ​ក្រុមការងារ​ទូរទស្សន៍ BTV-News ទៀត​ផង៕

អត្ថបទ៖ លី ឈុន​ឡា