សហជីព និង​កម្មករ​ ចង់បាន​ប្រាក់​ឈ្នួល​ចន្លោះ​ ពី​២៥០​ដុល្លារ ទៅ​៣០០​ដុល្លារ សម្រាប់​ឆ្នាំ​២០២០

244

ភ្នំពេញ ៖ ​ខណៈដែល​កិច្ច​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ ​ កាត់ដេរ​សំលៀកបំពាក់​ និង​ផលិត​ ស្បែកជើង​សម្រាប់​ ឆ្នាំ​២០២០ ​បាន​ឈាន​មកដល់ ​ត្រូវ​បាន​កម្មករ​និយោជិត​ក្នុង​វិស័យនេះ បាន​លើកឡើងថា ​ប្រាក់​ឈ្នួល​ដែល​ចង់បាន​នោះ​ គឺ​ចន្លោះ​ពី ​២៥០​ទៅ​៣០០​ដុល្លារ​អាមេរិក​។

អ្នកស្រី ស្រ៊ុន សុខ​ធី កម្មការិនី​រោងចក្រ​កាត់ដេរ ​នៅ​ព្រឹក​ថ្ងៃទី​៣០ ​សីហា ឆ្នាំ​២០១៩​នេះ បាន​និយាយថា ​ប្រាក់​ឈ្នួល​ដែល​បាន​ទទួល​រាល់​ខែ​នេះ​ នៅតែ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​នៅក្នុង​គ្រួសារ​ប្រចាំថ្ងៃ ​ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​សិក្សា​របស់​កូន​ផង ថ្លៃ​ម្ហូបអាហារ​ និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ផង​។

លោក ង៉ែត សុខុម ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ ១៤​ឆ្នាំ​មកនេះ បាន​រៀបរាប់ថា ​បើទោះបីជា​ប្រាក់​ឈ្នួល​បាន​កើន​ឡើងជា​រៀង​រាល់ឆ្នាំ​ក្តី ​ក៏​នៅតែ​មិនទាន់​ឆ្លើយតប​នឹង ​តម្រូវការ ​ដោយសារ​ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ ការ​ចំណាយ​មាន​កើន​ឡើងជា​បន្តបន្ទាប់ ​ដូចជា​ ត្រូវ​ផ្គត់ផ្គង់​លើ​ការសិក្សា​របស់​កូន ក៏ដូចជា​ថ្លៃ​ចំណាយ​លើ​ការថែទាំ​សុខភាព​ដល់​អ្នក​រស់នៅ​ក្នុងបន្ទុក​។

ដោយឡែក លោក អាត់ ធន ប្រធាន​សហជីព​សហភាព​ការងារ​កម្ពុជា ​បាន​បញ្ជាក់ថា ​ទាក់ទង​និង​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២០​ ខាងមុខ លោក​ចង់​ឲ្យ​មានការ​ដំឡើង ​ចន្លោះ​ពី ២០​ទៅ​២៥​ ដុល្លារ ព្រោះ​ចំនួន​នេះ​ ពិតជា​សាក​សម ​និង​សមរម្យ​សម្រាប់​កម្មករ​និយោជិត​ដែល​ខិតខំ​បំពេញការងារ​ប្រចាំថ្ងៃ ហើយ​ការ​ដំឡើងនេះ​ទៀតសោត ក៏​មិន​បង្ក​ផលប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ ​និង​កម្មករ​បម្រើការ​ងា​រ​ក្នុង​វិស័យ​ផ្សេងទៀត​នោះដែរ​។

សូម​បញ្ជាក់ថា នៅ​ថ្ងៃទី​៣ ខែកញ្ញា​ ខាងមុខ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹង​បើក​កិច្ចចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លើក​ទី​២ ​ដើម្បី​ពិភាក្សា ​និង​ផ្តល់​យោបល់​បន្ថែម​ទៀត​លើ​ការកំណត់​យក​តួលេខ​ណាមួយ ​រវាង​ភាគី​និយោជក ​ សហជីព​តំណាង​កម្មករ​និយោជិត​។ គួរ​រម្លឹក​ទៀតថា ​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ឆ្នាំ​ក្នុង​២០១៩​នេះ ​មាន​ចំនួន​សរុប ១៨២​ដុល្លារ នៅក្នុង​មួយខែ​៕