សម្តេច​សាយ​ ឈុំ ​និង​សម្តេច​តេជោ​ ហ៊ុន​ សែន​ ព្រម​ទាំង​ឥស្សរជន​មួយ​ចំនួន​ទៀត​អញ្ជើញ​ជូន​ដំណើរសព ​ឯកឧត្តម​ នៃ​ ប៉េណា ​អនុ​ប្រធាន​ទី​១​ ព្រឹទ្ធសភា

171

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣​តុលា​នេះ ​សម្តេច​សាយ​ ឈុំ ​ប្រមុខ​រដ្ឋ​ស្តីទី​ និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបា​លអញ្ជើញ​ជូន​ដំណើរ​សព​ ឯកឧត្តម​ នៃ ​ប៉េណា ​អនុប្រធាន​ទី​១ព្រឹ​ទ្ធសភា ​ដែល​ជា​ការ​លា​គ្នាជា​លើក​ចុងក្រោយ​របស់​ឯកឧត្ដម​ នៃ ប៉េណា។

​មាន​អញ្ជើញ​ជូន​ដំណើរ​ដល់​មុខ​វត្ត​បទុមវតី ​តាង​នាម​ថ្នាក់​ដឹក​នាំ ​សមាជិក​ សមាជិកា​រាជ​រដ្ឋាភិបាល​ និង​ក្នុង​នាម​សម្តេច​ផ្ទាល់ ​សម្តេច​សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ប្រកប​ដោយ​ក្តី​ក្តុក​ក្តួល​បំផុត​ដែល​បាន​ទទួល​ដំណឹង​អំពី​មរណៈភាព​របស់​ឯកឧត្តម​ នៃ ​ប៉េណា ​ អនុ​ប្រធាន​ទី​១​ ព្រឹទ្ធសភា ​កាល​ពី​ថ្ងៃ​សៅរ៍​៥​ រោច​ខែ​ភទ្របទ​ ឆ្នាំ​ច​ សំរឹទ្ធ​ស័ក​ ព.ស​២៥៦២​ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​វេលា​ ម៉ោង​១៣រសៀល ​ក្នុង​ជន្មាយុ​៧៤​ឆ្នាំ​ដោយ​រោគា​ពាធ​។

ក្នុងឱកាស​នៃ​ពិធី​នេះ ​ព្រះ​មហា​ក្សត្រ​ និង​សម្តេច​ម៉ែ​ក៏​បាន​ផ្ញើ​ព្រះរាជ​សារ​ចូល​រួម​រំលែក​មរណ​ទុក្ខ​ជា​មួយ​លោក​ជំទាវ​ជា​ភរិយា​ និង​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ​។

សម្តេច​តេជោ​បាន​បង្ហាញ​ សេចក្តី​ក្រៀម​ក្រំ​ និង​សូម​សម្តែង​នូវ​ការ​សោក​ស្តាយ​ជា​ពន់ពេក​ចំពោះ​មរណៈភាព​របស់​ឯក​ឧត្តម​  នៃ​ ប៉េណា ​និង​សូម​ចង​ចាំ​ជានិច្ច ​នូវ​រាល់​ស្នាដៃ​ ឧត្តម​គតិ​ វីរៈ​ភាព​ និង​គុណ​បំណាច់​របស់​ឯកឧត្តម​ដែល​ជា​ឥស្សរជន​ដ៏​ឆ្នើមមួយ​រូប ​ដែល​ធ្លាប់​បាន​ចូល​រួម​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង ​និង​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុង​ការ​ការពារ​ កសាង ​និង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​។

ឯកឧត្តម​  នៃ ​ប៉េណា​ បាន​បំពេញ​បេសក​កម្ម​ដ៏​ឧត្តុង្គ​ឧត្តម​ក្នុង​ការ​ចូល​រួម​ដឹក​នាំ​ព្រឹទ្ធ​សភាដែ​ល​ជា​ការ​ចូល​រួម​ចំណែក​ក្នុង​ដំណើ​រ​ការ​ពង្រឹង​នីតិរដ្ឋ​ លទ្ធិ​ប្រជាធិបតេយ្យ និង​លើក​តម្កើង​កិត្យា​នុភាព​ជាតិ​ ទាំង​ក្នុង​តំបន់​ និង​លើ​ឆាក​អន្តរ​ជាតិ​។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​ក្រៀម​ក្រំ​នេះ​សម្តេច​តេជោ​ក្នុង​នាម​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្នុង​នាម​សម្តេច​ផ្ទាល់​សូម​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​លោក​ជំទាវ​ព្រម​ទាំង​ក្រុម​គ្រួសារ​ចំពោះ​ការ​បាត់​បង់​ឯកឧត្តម​ នៃ ​ប៉េណា ​ អនុប្រធាន​ទី​១​ ព្រឹទ្ធសភា​ ។

មរណៈភាព​របស់​ឯក​ឧត្តម​  នៃ ប៉េណា មិ​ន​ត្រឹម​តែ​ជា​ការ​បាត់​បង់​ស្វាមី ​បិតា​ ជីតា ​ជា​ទីគោរព​ស្រលាញ់​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌​មួយ​រូប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ការ​បាត់បង់​នៅ​ឥស្សរជន​ដ៏​ឆ្នើម​មួយ​រូប​ដែល​បាន​លះ​បង់​គ្រប់​បែប​យ៉ាង​ទាំង​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ​ និង​មាតុភូមិ​ផង​ដែ​រ​។​

ជាថ្មី​ម្ដង​ទៀត​ សម្ដេ​ចតេជោ​ ​ហ៊ុន​ សែន​ បាន​ឧទ្ទិស​ឲ្យ​ដួង​វិញ្ញាណ​ក្ខន្ធ​ឯក​ឧត្តម​ នៃ​ ប៉េណា ​យោង​យក​កំណើត​កើត​ក្នុង​សុគតិភព​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ​។

សូម​បញ្ជាក់​ថា ​សព​ឯកឧត្ដម​ នៃ​ ប៉េណា ​បាន​ប្រារព្ធ​ពិធី​បុណ្យ​រយៈ​ពេល​៥​ថ្ងៃ​ហើយ​ ចាប់​ពី​ថ្ងៃ​ទី​២៩​កញ្ញាដល់​ថ្ងៃ​ទី​៣ខែ​តុលា​ឆ្នាំ​២០១៨ ហើយ​បុណ្យ​៧​ថ្ងៃ​នឹ​ង​ចាប់​ផ្តើម​នៅរ​សៀល​ថ្ងៃ​ទី​៤​តុលា​ នៅ​គេហដ្ឋាន​សព​ បុរី​ប៉េងហួត​បឹងស្នោ៕