កម្ពុជា​-​ថៃ គ្រោង​ចុះ ​MOU ផ្លាស់ប្តូរ​បទពិសោធន៍​ក្នុង​វិស័យ​ឧស្សាហកម្ម​

235

ភ្នំពេញ ៖ ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម គ្រោង​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមប្រឹក្សា​ធុរៈកិច្ច​ពាណិជ្ជកម្ម​ថៃ​ ដើម្បី​ពង្រឹង​និង​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ការវិនិយោគ​ ជាពិសេស​ពង្រឹង​វិស័យ​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​ ដែលជា​កំលាំង​ចលករ​ដ៏​សំខាន់​ក្នុង​ខឿន​សេដ្ឋកិច្ចជាតិ​។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ក្នុង​ជំនួប​ពិ​ភក្សា​ការងារ​ជាមួយ​លោក Channitr Charnchainarong ប្រធាន​ក្រុមប្រឹក្សា​ធុរៈកិច្ច​ពាណិជ្ជកម្ម​ថៃ (TCBC) នៅ​ថ្ងៃទី​២ ​ខែតុលា ឆ្នាំ​២០១៨​កន្លងមក​ថា ​ឯកឧត្តម​សូម​សម្តែង​ការ​ស្វាគមន៍ និង​ផ្តល់​សារៈសំខាន់​ទៅលើ​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ស្វាគមន៍​រាល់​ការ​វិនិយោគរ​របស់​ភាគី​ថៃ​ ព្រោះ​វិស័យ​ទាំងនោះ ភាគី​ថៃ​មាន​បទពិសោធន៍ ​និង​លទ្ធភាព​ខ្ពស់​នៅក្នុង​គម្រោង​វិនិយោគ​របស់ខ្លួន​។ ចំណែក​ការប្រើប្រាស់​ទីតាំង​ផលិត​នៅ​កម្ពុជា ​ជាពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ភាគី​ថៃ​នឹង​ទទួល​បាន​ផលប្រយោជន៍​ជាច្រើន ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​នឹងកន្លែង ​និង​អត្ថប្រយោជន៍​ពី​ការនាំចេញ ​ដែល​ទំនិញ​និង​ផលិតផល​រាប់ពាន់​មុខ​អាច​នាំ​ចេញពី​កម្ពុជា ​ដោយ​មិន​ជាប់ពន្ធ​និង​កូតា​ ទៅកាន់​ទីផ្សារ​ធំ​លើ​ពិភពលោក​ផងដែរ​។

ជាការ​ឆ្លើយតប​លោក Channitr Charnchainarong ប្រធាន​ក្រុមប្រឹក្សា​ធុរៈកិច្ច​ពាណិជ្ជកម្ម​ថៃ (TCBC) បាន​សម្តែង​ការរីករាយ ​ចំពោះ​ការមើលឃើញ​ឱកាស​កាន់តែ​ប្រសើរ​នៃ​ទីផ្សារ​នៅ​កម្ពុជា​ និង​បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ក្នុងការ​កិច្ចសហការ​បន្ថែមទៀត​ ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​ឈាន​ទៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នាពេល​ពេលខាងមុខ ​ដើម្បី​ពង្រឹង​និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ ក្នុង​វិស័យ​ឧស្សាហកម្ម និង​ជំរុញ​ការវិនិយោគ ​ជាពិសេស​ពង្រឹង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​ជា​កំលាំង​ចលករ​ដ៏​សំខាន់​ក្នុង​ខឿន​សេដ្ឋកិច្ចជាតិ​។

នៅក្នុង​កិច្ចសន្ទនា​នេះ ភាគី​ទាំង​ពីរបាន​ផ្តោត​ការយកចិត្តទុកដាក់ ​លើ​ការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ពិសេស​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ការវិនិយោគ ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​។

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ថៃ បាន​ចាប់អារម្មណ៍​ទៅលើ​វិស័យ​បច្ចេកវិទ្យា​អេឡិចត្រូនិក ឧស្សាហកម្ម​កែច្នៃ​ម្ហូបអាហារ ក​សិ​-​ឧស្សាហកម្ម ​ទាក់ទង​និង​ដំណាំ​កៅស៊ូ ​និង​កែច្នៃ​អង្ករ​នាំចេញ និង​ឧស្សាហកម្ម​យានយន្ត​ផងដែរ​៕