ការផ្តល់ចំណេះដឹង និងជំនាញពិតដល់ស្រ្តីតាមមូលដ្ឋាន អាចកាត់បន្ថយការចំណាកស្រុក

244

 

 

ឧត្តរមានជ័យ ៖ ​ មន្រ្តីក្រុមការងារ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍​ស្រ្តី ​ខេត្តឧត្តរមានជ័យ បានចុះទៅ​​តាម​មូលដ្ឋានគោលដៅ ​ដើម្បីជួយបង្ហាត់បង្រៀនស្រ្តី ​ក្នុងស្រុកបន្ទាយអំពិល ​ពីរបៀបតម្បាញក្រមារ ដើម្បី​ឱ្យពួកគេមានជំនាញ ​មួយពិតប្រាកដ​ សម្រាប់ចញ្ចឹមជីវិតជីវភាពគ្រួសារ ចៀសវាងការធ្វើ​ចំណាក​ស្រុក ទៅរកការងារនៅក្រៅ ប្រទេស​ ដោយប្រថុយប្រថាន។

លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ បានលើកឡើងថា ​ការផ្តល់សេវា ជួយ​បង្ហាត់បង្រៀននូវជំនាញ នឹងចំណេះដឹងពិតប្រាកដជូនដល់ស្រ្តី ​នៅតាមមូលដ្ឋាន គឺដោយ​សារ​តែពួក គេមួយចំនួន​ ពុំមានលទ្ធភាពធ្វើដំណើរមករៀនជំនាញ​នៅឯខេត្តនោះទេ ដោយសារតែ​ចម្ងាយ​ផ្លូវឆ្ងាយពី ​ភូមិរបស់ពួកគេ​ ហើយណាមួយទៀត​ ស្រ្តីមួយចំនួនខ្លះ​ ពួកគេ ពុំមានជីវភាពអាច​​ធ្វើដំណើរមកខេត្តបាន ឡើយ ​ដោយសារកក្តាជីវភាពខ្វះខាត។

លោកស្រ្តី ឯក សុភារុំ បានបន្តថា ការផ្តល់សេវា និងសម្ភារផ្សេងៗ​ ដូចជា ​គ្រឿងឧបករណ៍តម្បាញ ទាំងអស់ ​គឺខាងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីជាអ្នកចំណាយជួយដល់ពួកគេសព្វបែបយ៉ាង។ នៅពេលពួកគេ ​ចេះជំនាញតម្បាញពិតប្រាកដហើយនោះ​ ខាងមជ្ឈមណ្ឌល នឹងខិតខំជួយ​រក​ទីផ្សារ​ឱ្យពួកគេ ​ដើម្បីបាន ប្រាក់កម្រៃសម្រាប់​ផ្គត់ផ្គង់​ជីវភាពក្នុងគ្រួសារផងដែរ ដែល​បានមកពីការ​តម្បាញ​ក្រមារនេះ។ កក្តាទាំង អស់នេះ​ គឺដើម្បីជួយកាត់បន្ថយការខ្វះខាតរបស់ពួកគេ ពិសេសនោះ​​គឺជួយដល់ពួកគេឱ្យមានការងារធ្វើ នៅតាមមូលដ្ឋាន​ និងទទួលបានប្រាក់​កម្រៃ​សមរម្យ បញ្ចៀស​ពួកគេ​​ពីការធ្វើចំណាកស្រុកក្រៅប្រទេស ​ដោយប្រថុយប្រថានផងដែរ។

លោកស្រី បានបញ្ជាកថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងតែបានយកចិត្តទុកដាក់​ ធ្វើយ៉ាងណាត្រូវ ជំរុញការងារឱ្យបានដល់មូលដ្ឋាន ដើម្បីជួយដល់ពលរដ្ឋឱ្យមានការងារ និងមុខរបរសម្រាប់​​ចិញ្ចឹម​ជីវិត​ នៅ ក្នុងស្រុក​ ដោយមិនធ្វើការចំណាកស្រុកផងដែរ៕