រាជរដ្ឋាភិបាល​កំពុង​ពិនិត្យ​លិខិត​ស្នើសុំ​បន្ធូរ​និង​លើកលែងទោស​ទណ្ឌិត​ចំនួន ​៣១៩ នាក់ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

297

ភ្នំពេញ ៖ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា ក្រសួងយុត្តិធម៌​កំពុងតែ​ពិនិត្យ​លើ​លិខិត​ស្នើសុំ​លើកលែង ​និង​បន្ធូរ​បន្ថយ​ទោស​ទណ្ឌិត​ចំនួន ៣១៩​នាក់​ ដែល​បាន​ស្នើសុំ​មកពី​តាម​បណ្តា​ពន្ធនាគារ​នានា​ នៅ​ទូទាំងប្រទេស​សម្រាប់​ក្នុង​ឱកាស​ពិធីបុណ្យ ភ្ជុំបិណ្ឌ​ខាង​មុង​ដ៏​ខ្លី​ខាងមុខនេះ ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ា​លីន បាន​ថ្លែងប្រាប់​បី​ធី​វី នៅ​ថ្ងៃទី ០៣ ខែតុលា​នេះ​ថា មកដល់ពេលនេះ​គណៈកម្មការ​របស់​ក្រសួងយុត្តិធម៌​កំពុងតែ​ពិនិត្យ ​ពិចារណា​លើ​សំណើរ​ស្នើសុំ​លើកលែងទោស និង​បន្ធូរបន្ថយ​ទៅលើ​ទណ្ឌិត​ចំនួន ៣១៩​នាក់​ ក្នុងនោះ មាន​ចំនួន ១៣៣​នាក់ ជា​ស្ដ្រី មកពី​តាម​បណ្តា​ពន្ធនាគារ​ និង​តាម​មណ្ឌល​អប់រំ​កែប្រែ​ទាំង​បួន​នៅ​ទូទាំង​ប្រទេស​។

ឯកឧត្តម​ បន្តថា ការលើកលែង ​និង​បន្ធូរបន្ថយ​ទោស​នេះ គឺធ្វើឡើង​ស្រប​ទៅតាម​គោលការណ៍​ច្បាប់ និង​មនុស្សធម៌ រួមមាន ស្ដ្រី​មាន​ផ្ទៃពោះ ស្ដ្រី​ដែល​មាន​កូន​ក្នុង​ពន្ធនាគារ ​ ជន​ចាស់ជរា អ្នកមាន​ជំងឺ ​និង​អ្នក​កែប្រែ​ខ្លួន​ជាដើម​ គឺ​មិនមែន​សំដៅ​ទៅលើ​សកម្មជន​នយោបាយ ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល ​ឬ​មិន​សង្គម​ស៊ីវិល​អ្វី​នោះទេ ​សំខាន់​គឺ​ស្របតាម​លក្ខខណ្ឌ​អ្វីដែល​បានកំណត់​តែប៉ុណ្ណោះ​។

ឯកឧត្តម​ បញ្ជាក់ទៀតថា ចំពោះ​ការសម្រេច​លើកលែង និង​បន្ធូរ​បន្ថយទោស​មាន​ប៉ុន្មាន​នាក់​ ក្នុង​ចំណោម​លិខិត​ស្នើសុំ​ចំនួន​៣១៩ នាក់ នោះ​ ដោយ​ក្រសួងយុត្តិធម៌​កំពុង​ពិចារណា ​និង​បើក​កិច្ចប្រជុំ​ចុងក្រោយ ដើម្បី​សម្រេច​នាពេលខាងមុខ ​ដើម្បី​ដាក់​លិខិតស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ ។

ក្នុងជំនួប​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក នាពេល​ថ្មីៗ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា ​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៨ ​សម្ដេច​នឹង​ស្នើសុំ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះអង្គ​ព្រះរាជទាន ​លើកលែងទោស និង​បន្ធូរបន្ថយ ​ជា​ទ្រង់ទ្រាយ​ធំ​បន្ថែម លើ​កម្មវិធី​លើកលែងទោស​ប្រចាំឆ្នាំ ​ដូចជា បុណ្យ​ភ្ជុំបិណ្ឌ ​បុណ្យ​ឯករាជ្យ​ជាតិ ​និង​ការ​ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​៕