ទេសចរជាង១ពាន់នាក់ នាំគ្នាដាំកូនឈើក្នុងចម្ការឈើពូជគ្រញូង ក្នុងខេត្តសៀមរាប

190

សៀមរាប ៖ ​សួនដាំដើមឈើអនុស្សាវរីយ៍ ​នៃចម្ការឈើពូជគ្រញូង​ ក្នុងខេត្តសៀមរាប បាន​ស្វាគមន៍​ភ្ញៀវជាង ១ពាន់នាក់ ​បង្កើតព្រឹត្តិការណ៍ដាំកូនឈើដ៏ធំមួយ ក្រោមប្រធានបទ (ទេសចរម្នាក់ ​ដើមឈើមួយដើម)

សួនដាំដើមឈើអនុស្សាវរីយ៍ (ទេសចរម្នាក់ ដើមឈើមួយដើម) ដែលមានផ្ទៃដីប្រមាណ៥ ហិកតា​កន្លះ ​នៃតំបន់ចម្ការព្រៃពូជឈើគ្រញូង ក្នុងទំហំផ្ទៃដីសរុបប្រមាណជាជិត១ពាន់៩រយហិកតា ​ឋិត ក្នុង​ភូមិសាស្រ្តឃុំឃុនរាម ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប ​កាលពីថ្ងៃទី​១៥ ខែកញ្ញា ​ម្សិលមិញ បាន​ទទួលស្វាគមន៍ភ្ញៀវ ​ប្រមាណជាង១ពាន់នាក់ ​ដើម្បីចូលរួមដាំកូនឈើ ​ក្រោមប្រធានបទ (មនុស្សម្នាក់ ​ដើមឈើមួយដើម)

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ខេត្តសៀមរាប​ បានឲ្យដឹងថា តំបន់​ចម្ការឈើពូជគ្រញូងនេះ ​ដែលគ្រប់គ្រងដោយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប នេះ មាន​ចម្ងាយជិត ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប ។ សួនដាំកូនឈើអនុស្សាវរីយ៍នេះ បាន​បង្កើត​ឡើងនៅក្នុងឆ្នាំ២០១៥។ មកទល់នឹងឆ្នាំ២០១៩ សួនដាំកូនឈើអនុស្សាវរីយ៍ បាន​ទទួល​ស្វាគមន៍​ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ ​និងថ្នាក់ដឹកនាំជាន់ខ្ពស់ ចំនួន៥៣លើក ចំណែកកូនឈើ​ប្រមាណ​ជិត១ពាន់ ៣រយដើម​ ជាប្រភេទឈើ គ្រញូង ​និងឈើទាល ត្រូវបានដាំ​ក្នុងសួនអនុស្សាវរីយ៍នេះ។

លោក បានបញ្ជាក់ថា ការដាំកូនឈើនៅពេលនេះ ក្នុង​សួនអនុស្សាវរីយ៍នៃចម្ការពូជឈើគ្រញូង ក្រោមការ​ចូលរួមដោយ​ប្រតិបត្តិករ​ទេសចរណ៍ ​មន្រ្តីរាជការ អាជ្ញាធរដែនដី​ វិស័យ​ឯកជន នៅ​ក្នុងខេត្ត សៀមរាប រាជធានីភ្នំពេញ ​និងមកពីខេត្តដទៃផ្សេងទៀត ​ប្រមាណជាង១ពាន់នាក់លើកនេះ គឺជា ព្រឹត្តិការណ៍ ដ៏ធំមួយ​ ដែលមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមក។

លោក ម៉ុង ប៊ុនលឹម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាប​ បានឲ្យដឹងដែរថា ​ការបង្កើតសួនដាំកូន ឈើ​អនុស្សាវរីយ៍នេះ មិនត្រឹមតែជាការបំផុសចលនាដាំកូនឈើឡើងវិញនោះទេ ​តែក៏ជាផែនការ នៃការ រៀបចំតំបន់នេះ​ ឲ្យក្លាយជាគោលដៅព្រៃឈើបម្រើសេវាកម្មទេសចរណ៍ធម្មជាតិ ​ផងដែរ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ​បានថ្លែងថា ការចូលរួមរបស់ប្រតិបត្តិករទេសចរ និងអ្នកចូលរួមផ្សេងទៀត ​ក្នុងឱកាសដាំកូនឈើនេះ គឺជាសារសកម្មភាពពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ឲ្យ មាន​ការចូលរួមអភិរក្សព្រៃឈើនៅកម្ពុជា។ ​នេះគឺជាការចាប់ផ្តើមប្រវត្តិសាស្រ្តថ្មីមួយ ក្នុងការ​ចូល​រួមស្តារ បរិស្ថាន និងព្រៃឈើ ​ជាមួយ នឹងការសម្លឹងឃើញមោទនភាព ​ដោយការបន្សល់ទុកមរតក នៃ​មនុស្សជំនាន់ បច្ចុប្បន្ន សម្រាប់កូនចៅជំនាន់ក្រោយៗទៀត ដែលមិនត្រឹមតែជាសមិទ្ធផល​​សម្រេច​​បានក្នុងការស្តារព្រៃ​ ឈើឡើងវិញនោះទេ​ តែក៏ជាការបន្សល់ទុកនូវមរតកស្មារតី នៃការ​បន្ត​វេនផងដែរ ​ ដើម្បីបង្កើនផ្ទៃបៃតង នៃភពផែនដី៕