តេ​ក្វាន់​ដូ​ WT​ ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​កូរ៉េ​ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០​ នៅ​ហ្វីលីពីន​

154

តេ​ក្វាន់​ដូ៖ អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ​ WT ចំនួន​ ៩​រូប​មាន​កីឡាករ​ ៥​រូប និង​កីឡា​ការិនី​ចំនួន​ ៤​រូបក្នុង​នោះ​មាន​កីឡា​ការិនី ស៊ន សៀវ​ម៉ី​ មួយ​រូប​ដែរ​បាន​ចេញ​ដំណើរ​ឆ្ពោះ ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ដើម្បី​ហ្វឹកហាត់​នៅ​ទីនោះ ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០​ នៅ​ប្រទេស​ហ្វីលីពីន ខណៈ​ដែល​ការ​ចេញទៅ​ហ្វឹក​ហាត់​នេះ​ធនាគារ PPC Bank បាន​ផ្ដល់​ថវិកា​ចំនួន ១ម៉ឺនដុល្លារ​សម្រាប់​ដោះស្រាយ​សំបុត្រ​យន្តហោះ និង​ការ​ចំណាយ​ផ្សេងៗ​។

លោក Shin Chang Moo ដែល​ជា​ប្រធាន​ធនាគារ PPC Bank បាន​បញ្ជាក់​ថា ​ការ​ចេញទៅ​ហ្វឹកហាត់​នេះ​ត្រូវតែ​គោរព​វិន័យ​សម្រាក​ឲ្យ​បាន​ច្រើន​ ព្រោះ​កីឡា​បើ​សម្រាក​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ ​វា​នឹង​បាត់បង់​កម្លាំង​ហាត់​មិនបាន​គ្រប់គ្រាន់។​ ជាមួយ​គ្នា​នេះ​ដែរលោក ​ជ្រិ​ន សុធា អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ ​WT មាន​ប្រសាសន៍​ដឹង​ថា ​ការ​ចេញទៅ​ហាត់​នៅ​កូរ៉េ​នេះ គឺ​យើង​ហ្វឹកហាត់​ជាមួយ​គ្រូ​ដែល​មាន Ranking ល្អ​ៗ​នៅ​ក្នុង​ប្រទេស​កូរ៉េ​។ លោក​ថា ក្រៅពី​ការ​ហ្វឹក​ហាត់ យើង​នឹង​អាច​ចូលរួម​ប្រកួត​នៅ​ទីនោះ​តែ​ម្តង ប្រសិនបើ​នៅ​ប្រទេស​កូរ៉េគេ​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​។​ តាម​ការ​គ្រោង​ទុក ​ពួកគេ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​រហូតដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកាទើប​ត្រឡប់មកវិញ បន្ត​ហាត់​នៅ​ទឹកដី​កម្ពុជា ១៥​ថ្ងៃ​ទៀតមុន​ចេញដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​។

លោក​អនុប្រធាន​សហព័ន្ធ​អះ​អាង​ថា សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ​WT មិន​ត្រឹម​តែ​មាន​មហិច្ឆតា​ចង់បាន​មេដាយ​ស៊ី​ហ្គេម​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ចូលរួម​ជម្រុះ​អូឡាំពិក​ហ្គេម​សម្រាប់​អូឡាំពិក​តូ​ក្យូ​២០២០ ​ទៀត​ផង​។​ លោក​បន្ត​ថា ​ក្រៅពី​កីឡា​ការិនី​ ស៊ន សៀវ​ម៉ី កម្ពុជា​នៅ​មាន​កីឡា​ការិនី​ខ្មែរ​សញ្ជាតិ​អាមេរិក និង​កីឡាករ​វ័យ​ក្មេង​ៗដែល​ប្រកប​ដោយ​គុណភាព​ជាច្រើន​ទៀត​ផង​។​ សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣ ​ហើយ​ដែល​ធនាគារ PPC Bank បន្ត​ជួយ​ឧបត្ថម្ភ​ថវិកាដល់​កីឡាករ-កីឡា​ការិនី​ក្នុង​ការ​ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយ​ខាង​ធនាគារ​ថា ​នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​កីឡា​តេ​ក្វាន់​ដូ​កម្ពុជា​៕