ភាគីនិយោជក អះអាងប្រកាន់គោលជំហរ លើតួរលេខ​ដដែល​ចំនួន ១៨៤ ដុល្លារ ៥០សេន

201

ភ្នំពេញ ៖ ​បន្ទាប់ពីបង្ហាញតួរលេខចុងក្រោយ នាកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាលើកទី៤ កន្លងទៅ ចំនួន ១៨៤ដុល្លារ ៥០សេន។ ​ភាគី​តំណាងឲ្យនិយោជក បានឲ្យដឹងថា ភាគីនយោជក​នឹង​មិន​មាន​ការ​កែប្រែ​តួលេខទៀតទេ​ រហូតដល់ថ្ងៃប្រជុំសម្រេច។

តាមរយៈសារអេឡិចត្រូនិច លោក កាំង ម៉ូនីកា តំណាងឲ្យភាគីនិយោជក បានពន្យល់ថា ចំនួនតួលេខ​ដដែលនេះ ជាតួរលេខចុងក្រោយហើយ ​ពីភាគី​នយោជក (Employer) ហើយក៏ជាតួលេខ​ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ដែរ ​ដូចបាន​បង្ហាញក្នុងអង្គប្រជុំកន្លងមក។ លោក បានបន្តថា បើគ្មាន​កុងសង់ស៊ីទេ(ឯកភាព) គឺរងចាំរហូតដល់បោះឆ្នោត​បញ្ចប់​នៅ​ថ្ងៃ​ខាង​មុខហើយដូច​ដឹងហើយថា ជាទូទៅសម្តេច​ នាយករដ្ឋមន្ត្រី​លោកតែងតែ​​បន្ថែម​ជូន​កម្មករ​និយោជិត ​ដូច្នេះ​តួលេខចុងក្រោយ​ គឺ​ នឹងលើសពី ១៨៤ដុល្លារ ៥០សេន។

លោក ហ្វា សាលី ភាគីតំណាងឲ្យកម្មករនិយោជិត បានលើកឡើងថា ធម្មតា​ជា​ទូទៅ​ការចចារ​ប្រាក់ឈ្នួល​​យើង​បានសិក្សាយ៉ាងលម្អិត​ទៅលើ​លក្ខណៈបច្ចេកទេស និងលក្ខណៈ​វិនិច្ឆ័យ​ទាំង៧ចំណុច ​ដែល​សហជីពបានការណែនាំ និងរៀនសូត្រច្រើនពីអង្គការអន្តរជាតិ ខាងការងារ (អាយឡូ) ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ក៏ដូចជា​ អ្នកវិភាគសេដ្ឋកិច្ចផ្សេង ដូច្នេះ​យើង​បានតួលេខនេះហើយ គឺចំនួន១៩៧ដុល្លារ។

យោងតាមកិច្ចប្រជុំកន្លងៗមកមើលឃើញថា ភាគីនិយោជក ​និងភាគីសហជីព តែងតែ​លើក​យក​ហេតុផល​គោលការណ៍តែមួយ ​ដើម្បីកំណត់តួលេខសម្រាប់​ប្រាក់ឈ្នួលអប្បបរមា ដោយផ្អែក​លើ​លក្ខណៈវិនិច្ឆ័យទាំង៧ចំណុច​ រួមមាន ៖ ស្ថានភាពគ្រួសារ, អត្រាអតិផរណា, ការចំណាយ​ក្នុងការ​រស់នៅ, ផលិតភាព, ភាពប្រកួតប្រជែង​ របស់ប្រទេស, ស្ថានភាព​ទីផ្សារការងារ និងកម្រិត​ចំណេញ​របស់វិស័យ។ ក្នុងនោះកត់សម្គាល់ទៀតថា ក្នុងរយៈពេលឆមាសទី១ នៃឆ្នាំ២០១៩នេះ ការនាំចេញរបស់កម្ពុជា ជាមួយគូប្រកួតប្រជែងសំខាន់ៗ រួមមាន ប្រទេសវៀតណាម ទទួល​កំណើន​ប្រមាណ៩% បង់ក្លាដេសកើន​ឡើងជាង ១១% និងប្រទេសមីយ៉ាន់ កើនឡើងរហូតប្រមាណ៦០%ឯណោះ។ ដោយឡែក ការនាំចេញរបស់កម្ពុជាមានការធ្លាក់ចុះចំនួន ០.%។ ដោយឡែក ជុំវិញ​បញ្ហា​ប្រាក់​ឈ្នួលអប្បបរមារបស់ប្រទេសប្រកួតប្រជែង ខាងលើម្រាប់ ឆ្នាំ២០២០ ក្នុងនោះ​ វៀតណាម ​ទទួលបានខ្ពស់បំផុតចំនួន១៩០ ដុល្លារ, មីយ៉ាន់ម៉ា កើនឡើងពី៩២ ដល់១០៤ដុល្លារ និងបង់ក្លាដេស​ចំនួន​ ៩៦ដុល្លារអាមេរិក៕