លោក ម៉ៃ ផូ​មផូ នឹង​ជួប​លោក គីម​ ក្នុង​ដំណើរ​ទស្សនកិច្ច​ថ្មី​មួយ​ទៅ​កាន់​កូរ៉េខាងជើង​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

195

​​អាមេរិក៖ ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​ថា ​លោក​ ម៉ៃ ផូ​មផូ​ រដ្ឋមន្ត្រីការបរទេស​អាមេរិក​នឹង​បំពេញ​ដំណើរ​ទស្សនកិច្ច​ថ្មី​មួយ​ទៅកាន់​កូរ៉េខាងជើង និង​ជួប​មេដឹកនាំ ​គីម​ ជុង​អ៊ុន​ ខណៈ​ដែល​រដ្ឋាភិបាល​មួយ​នេះ​សង្ឃឹម​ខ្ពស់​ថា​ នឹង​ទទួល​បាន​កិច្ចព្រមព្រៀង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

​ការប្រកាស​ជាមុន​ដ៏​កម្រ​មួយ ​នៃ​កិច្ចប្រជុំ​ជាមួយ​បុរស​ខ្លាំង​វ័យក្មេង​មួយ​នេះ បាន​កើតមានឡើង​ប៉ុន្មាន​ម៉ោង ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បង្កើន​ភាព​តានតឹង ​នៅ​ក្នុង​ការចរចា​ដោយ​និយាយ​ថា ​ខ្លួន​នឹង​មិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ជា​ថ្នូរ​នឹង​សន្ធិសញ្ញា​សន្តិភាព​ឡើយ​។​ លោក ផូ​មផូ ដែល​កំពុង​ព្យាយាម​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ ​រវាង​លោក ​គីម ​និងប្រធានាធិបតី​អាមេរិក​ ​លោក​ ដូណាល់ ត្រាំ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ផង​ដែរ ដូចជាប្រទេស​ជប៉ុន​ និង​កូរ៉េខាងត្បូង​ ព្រមទាំង​ប្រទេស​ចិន​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​កូរ៉េខាងជើង ​ដែល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​ឱ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ និង​ការទូត​រីក​កាន់តែ​ធំ​។​ ដំណើរ​នេះនឹង​ក្លាយ​ជា​ដំណើរ​លើក​ទី​៤ របស់លោក ផូ​ម ផូ ទៅកាន់​កូរ៉េខាងជើង ខណៈ​រដ្ឋបាល​លោក​ ត្រាំ សម្លឹង​រក​ការ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក៕
អត្ថបទ៖ សុខ​មាន