ការសិក្សា​រៀនសូត្រ ជាការ​ងារ​មួយ​តម្រូវ​ឲ្យ​មានការ​លើកកម្ពស់ និង​អភិវឌ្ឍ​គ្មាន​ទីបញ្ចប់​

190

កណ្ដាល៖ ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​យុវជន​ថ្នាក់ជាតិ ស្រុក​ល្វាឯម និយាយថា ការសិក្សា​រៀនសូត្រ​មិន​ត្រឹមតែ​ត្រូវអនុវត្ត​បន្ត​ពេញ​មួយជីវិត​ប៉ុណ្ណោះ​ទេ វា​ជា​ការងារ​មួយ​តម្រូវ​ឲ្យ​មានការ​លើកកម្ពស់ និង​អភិវឌ្ឍន៍​គ្មាន​ទីបញ្ចប់ ដើម្បី​ផលិត​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព មាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍន៍​សង្គមជាតិ ឲ្យ​មានការ​រីកចម្រើន ភាព​សុខដុម និង​ចិរភាព​។​

​​ឯកឧត្តម ជាប ដា​វុ​ធ ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​យុវជន​ថ្នាក់ជាតិ​ស្រុក​ល្វាឯម បានលើកឡើង​នៅក្នុង​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ប្រលង​ជាប់​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៩ និង​សិស្ស​ថ្នាក់​១១ ថ្មី ឆ្នាំ​សិក្សា ២០១៩២០២០ នៅ​វិទ្យាល័យ​ល្វា​សរ ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្ដាល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ ក្នុងនោះ​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ អាណត្តិ​ទី​៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​យ៉ាង​ស៊ីជម្រៅ​ទៅលើ​វិស័យ​អប់រំ និង​វិស័យ​សំខាន់ៗ​មួយចំនួនទៀត​។

​​​ឯកឧត្តម លើកឡើងថា សិស្សានុសិស្ស​ដឹង​ហើយ​ថា ការសិក្សា​រៀនសូត្រ​មិន​ត្រឹមតែ​ត្រូវអនុវត្ត​បន្ត​ពេញ​មួយជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាការ​ងារ​មួយ​តម្រូវ​ឲ្យ​មានការ​លើកកម្ពស់ និង​អភិវឌ្ឍន៍​គ្មាន​ទីបញ្ចប់ ដើម្បី​ផលិត​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព មាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍន៍​សង្គមជាតិ ឲ្យ​មានការ​រីកចំរើន ភាព​សុខដុម និង​ចិ​រ​ភាព​ទៀតផង ដូច្នេះ​ការអបរំ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​ទីផ្សារពលកម្ម និង​មានដំណើរ​ការឆ្លើយតប​ទៅនឹង​បរិការណ៍​នៃ​សកលភាវូបនីយកម្ម​។

​​​ដូចនេះ​ ដើម្បី​ពង្រឹង​ធនធានមនុស្ស​ប្រកបដោយ​សក្ដានុពល សិស្សានុសិស្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ និង​ត្រូវ​ធ្វើខ្លួន​ឲ្យ​ទៅជា​ទំពាំង​ដ៏​ល្អ កុំ​ធ្លាក់ចុះ​ក្នុង​អបាយមុខ និង​ជៀសវាង​ពី​គ្រឿងញៀន បង្ករ​អស្ថេរភាព​ក្នុងសង្គម​គ្រួសារ និង​សង្គមជាតិ ជាហេតុ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ​ដល់​ខ្លួនឯង និង​អ្នកដទៃ ដែល​សង្គមជាតិ​កំពុង​ស្អប់ខ្ពើម បញ្ហា​នេះ​សិស្សានុសិស្ស​ត្រូវ​ញ៉ាំង​ខ្លួន​ឲ្យ​ទៅជា​ឫស្សី​ដ៏​រឹងមាំ​ត្រង់​ល្អ បរិសុទ្ធមិន​វៀចវេរ ធ្វើ​ឲ្យ​សង្គម​គ្រួសារ និង​សង្គមជាតិ ពឹងពាក់​បាន​ទៅ​ថ្ងៃ​អនាគត​។

​​​សូម​បញ្ជាក់​ថា​៖ វិទ្យាល័យ​ល្វា​សរ ក្នុង​ឆ្នាំ​២១០៩ នេះ មាន​សិស្ស​ប្រឡង​ទុតិយភូមិ​ចំនួន ១១៤ នាក់ ក្នុងនោះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស B មាន​ចំនួន​៤​នាក់​, និទ្ទេស C 27 នាក់​, និទ្ទេស D 26​នាក់​, និទ្ទេស E 43 នាក់​, ក្នុងឱកាស​នេះ ឯកឧត្តម ជាប ដា​វុ​ធ តំណាង​ឯ​ឧ​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧ​ប​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​នាំ​យក​ថវិកា​មួយ​ចំនួន ជូន​ដល់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ថ្នាក់​ទី​១២ និង​សិស្សានុសិស្ស​ដែល​ប្រលង​ជាប់​ទុតិយភូមិ ជាពិសេស​ផ្ដល់ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស B ចំនួន ៤​នាក់ ក្នុង​មួយ​នាក់ ៥០ ម៉ឺន​រៀល​៕​