មន្ត្រី​ជាន់​ខ្ពស់​បក្ស​កុម្មុយនិស្ត​ចិន ​អះអាង​​​ថា​ ចិន​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ​សម្រាប់​ការដឹកនាំ​ប្រទេស​ឆ្ពោះទៅ​កាន់​ការ​អភិវឌ្ឍ​ថ្មីៗ ​បន្ថែមទៀត

121

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ស្វាគមន៍ ចំពោះ​ការអះអាង​របស់​ភាគី​ចិន​ដែល​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​គាំទ្រ​ចំពោះ​សម្ដេច​សម្រាប់​ការដឹកនាំ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​ថ្មីៗ​ថែមទៀត​។

សម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​អះអាង​របស់​មិត្ត​ចិន​បែបនេះ​ខណ​: អនុញ្ញាត​ឲ្យ ឯកឧត្តម សុង ថៅ (SONG TOA) ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន ចូល​ជួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី​៣០​ ខែសីហា​នេះ​។

ក្រោយ​ជំនួប​បញ្ចប់ ឯកឧត្តម ​អ៊ាង ​សុផល្លែត ​ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ឯកឧត្តម​ សុង ថាវ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ មកកាន់​កម្ពុជា​ពេលនេះ ​គឺ​នាំសារ​របស់​ឯកឧត្តម ​ប្រធានាធិបតី​ស៊ី​ជីន​ពីង ​ជូន​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា ​ ទទួល​បាន​ពី​ការបោះឆ្នោត​ថ្មីៗ​កន្លង​មកនេះ​។

ក្នុងនាម​រាជរដ្ឋាភិបាល​ចិន ឯកឧត្តម​ បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា​គាំទ្រ​ចំពោះ​សម្ដេច​តេ​ជោ ​ដែល​បាន​ដឹកនាំ​កម្ពុជា​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ​រួមទាំង ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ផង​ដែរ​។

ឯកឧត្តម​ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ កម្ពុជា​គឺជា​មិត្ត​ចាស់​, មិត្ត​ល្អ​និង​មាន​កិច្ច​សហប្រតិបត្តិកា​រ យ៉ាង​ល្អ​ជាមួយ​ប្រទេស​ចិន​។ ​ ឯកឧត្តម ​​បាន​បន្តថា​ កន្លងមក ​ទោះបី​មាន​អ្វី​កើតឡើង​ក៏ដោយ​ក៏​ទំនាក់​ទំនង​នេះ​ នៅតែ​បន្ត​យ៉ាង​រឹងមាំ​ហើយ​ដោយ​គ្មាន​ការផ្លាស់ប្ដូរ​ ឡើយ​។​ជាមួយ​ នឹង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទំនាក់ទំនង​រវាង​កម្ពុជា​ចិន​ក៏បាន​កើតឡើង​យ៉ាង​ឆាប់រហ័ស​ផងដែរ​។​​លើសពីនោះ​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​ បាន​ចុះហត្ថលេខា​រវាង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​រួច​ហើយនោះ​បាន​ផ្ដល់​សំខាន់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​។

ឯកឧត្តម ​​ក៏បាន​ជម្រាប​ជូន​សម្ដេច​ទៀតថា ​ដំណើរ​ទស្សនកិច្ច​របស់​ ឯកឧត្តម ​​មកកាន់​កម្ពុជា​នៅ​ពេលនេះ ​ដើម្បី​ជំរុញ​ការអនុវត្ត​រាល់​កិច្ចព្រមព្រៀង​ទាំង​ឡាយណា​ដែល​បាន​ចុះហត្ថលេខា​រួចហើយ​រវាង​សម្ដេច​តេ​ជោ​ និង​ប្រធានាធិបតី​ស៊ី​ជីន​ពីង​សំដៅ​ធ្វើយ៉ាង​ណា​ឲ្យ​កិច្ចព្រមព្រៀង​នោះ​អនុវត្ត​សម្រេច​បាន​លទ្ធផល​។ ឯកឧត្តម​ ក៏បាន​គូស​បញ្ជាក់​ចំពោះ​មុខ​សម្តេច​ដែរ​ថា​ ភាគី​ចិន​នឹង​នៅតែ​បន្ត​ជួយ​លើ​អ្វី​ដែល​ជា​សេចក្តី​ ត្រូវការ​របស់​កម្ពុជា​។

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន​ឯកឧត្តម សុង ថៅ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ចូលរួមចំណែក​ជួយ​ដល់​ការ​អភិវឌ្ឍ​កម្ពុជា ​ហើយ​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សារ​អបអរសាទរ​របស់​ប្រធានាធិបតី ស៊ី​ជីន ពីង ដែល​បាន​ផ្ញើ​ជូន​សម្តេច ​តាមរយៈ​ឯកឧត្តម សុង ថៅ ​ចំពោះ​ជោគជ័យ នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។

ទន្ទឹមនេះ សម្តេច​ក៏បាន​ធ្វើ​បទ​ឧទ្ទេសនាម​ជូន​ឯកឧត្តម សុង ថៅ ​អំពី​កំណែទម្រង់​នៅ​កម្ពុជា និង​ដំណើរការ​បោះឆ្នោត ​និង​ប្រវត្តិ​លទ្ធផល ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ​ក៏ដូចជា ​ការបោះឆ្នោត​នៅ​ប្រទេសជិតខាង​ផងដែរ​។ ​ជាមួយនេះ ​សម្តេច​ក៏បាន​ជំរាប​ជូន​ពី​ស្ថានភាព​ទូទៅ​ នៅ​កម្ពុជា ហើយ​ជាទី​បញ្ចប់ ​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​ចិន​ដែល​កន្លងមក​ តែងតែ​ជួយ និង​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ដល់​កម្ពុជា​។

សូមបញ្ជាក់ថា​ ៖ ការដែល​សម្តេច​តេ​ជោ ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ដល់​ឯកឧត្តម សុង ថៅ គឺជា​ការលើកទឹកចិត្ត​ ដល់​មិត្ត​ចិន ​ដែល​តែងតែ​បាន​ជួយ​គាំទ្រ ដល់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា ហើយ​ការ​បំពាក់​មេដាយ​នេះ ​ក៏​មិនមែន​តែ​ចំពោះ​ឯកឧត្តម ​សុង ថៅ ម្នាក់នេះ​ទេ សម្តេច​តែងតែ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ជូន​ដល់​ឥស្សរជន មន្ត្រី​ជាន់ខ្ពស់​ចិន ក៏ដូចជា​បណ្តា​ប្រទេស​នានា​ជាច្រើន​ទៀត ​ក្នុង​ន័យ​ថ្លែង​នូវ​ការ​អរគុណ​ដល់​ខិតខំ​ប្រឹងប្រែង​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​៕