សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ កន់ យ៉ាង ប្រទេសកូរ៉េ

173

ភ្នំពេញ ៖ ​ព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim) ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ។

បើតាម​ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​​ បានឲ្យដឹថា ​​នៅក្នុងជំនួបនេះ​ លោក​​ បណ្ឌិត Won Meok Lee បានជម្រាបជូន​សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រីថា​​លោកបានធ្លាប់​​មកកាន់​ប្រទេសកម្ពុជា ម្ដងរួចមកហើយ កាលពី១០ ឆ្នាំមុន ​ហើយក៏បាន​ជួបសម្ដេចតេជោ​​នាយករដ្ឋ​ មន្ត្រី​ផងដែរ កាលពេលនោះ ។ លោកបណ្ឌិតបានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែល​បាន​អនុញ្ញាត​ឲ្យរូបលោក ​និងគណៈប្រតិភូចូលជួបសំដែង​ការ​គួរសម និងពិភាក្សាការងារ​​នាពេល​​នេះ។ លោក បានជម្រាប ជូនសម្តេចតេជោ​ថា កាលពីម្សិលនេះ​​លោកបានអញ្ជើញ​​ទៅ​​ទស្សនកិច្ច​​នៅ​មន្ទីរពេទ្យព្រះអង្គឌួង ​ជា​ពិសេសនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាល​​ជំងឺភ្នែក​​ដែល​ជួយ​ដោយ​ប្រទេសកូរ៉េ តាមរយៈអង្គការកូយការ។

ក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ ដោយ​សារ​កន្លងមក​ មានកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យរបស់គាត់ ​និង​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបណ្ឌិត ក៏បានជម្រាបជូនសម្តេចតេជោថា កន្លងមក លោកបានជួយដល់ការងារផ្នែក​​សុខា​​ភិបាល​​ច្រើន​ ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែក​តាមរយៈមជ្ឈមណ្ឌល​​ដែល​នៅ​មន្ទីពេទ្យព្រះអង្គឌួងនោះ ហើយ លោកប្ដេជ្ញាថា ​នឹង​ខិតខំជួយដល់កម្ពុជាជាបន្តបន្ទាប់​​ទៀត​ផងដែរ

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េ ដែលកន្លងមក ធ្លាប់បានជួយដល់ប្រទេស​​កម្ពុជា​ លើវិស័យផ្សេងៗជាពិសេសដល់ផ្នែកវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេច​ពិតជាអរគុណ​ទៅដល់ភាគីកូរ៉េដែរ​បានជួយក្នុង​ការ​ផ្ដល់​នូវ​ការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា ដែលប្រជាជនកម្ពុជា​​ជាច្រើន​មាន​បញ្ហាជំងឺ​​ភ្នែកនេះ ​ហើយពួកគាត់ពិតជាត្រូវការចាំបាច់នូវសេវា​ព្យាបាលបញ្ហានៃជំងឺភ្នែក រួមទាំងជំងឺ​​គថ្លង់​​ផងដែរ ។ ហើយកន្លងមក រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែក​​ជួយ​​ថែទាំ និងព្យាបាលបងប្អូនប្រជាពរដ្ឋដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម ជាពិសេស​​កន្លងមក​​នេះ យើងក៏មានអង្គការគ្រួសារថ្មីដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់កុមារពិការ និងគថ្លង់ ហើយថ្មីៗនេះ អង្គការគ្រួសារថ្មីនេះត្រូវបានបញ្ចូលឲ្យស្ថិត​​នៅក្រោមការគ្រប់គ្រង​​របស់​​រាជ​​រដ្ឋាភិបាល​​កម្ពុជាវិញ ដូច្នេះនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា​​បានយកចិត្តទុកដាក់​​ចំពោះ​បញ្ហា​នេះ

សម្តេច បានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាលយើងក៏ទទួលបានភាពជោគ​​ជ័យ​​ផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ ហើយបច្ចុប្បន្ននេះ កម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការ​​ប្រយុទ្ធ​​ប្រឆាំង​​ ជំងឺរបេង ជំងឺជំងឺលើសឈាម និង​ជំងឺគ្រុនចាញ់ជាដើម

សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការ​​វិនិយោគ​​យ៉ាង​ច្រើន​ទៅលើវិស័យសង្គមកិច្ច ​ជាពិសេសក្នុងការផ្ដល់នូវថវិកា​ជាតិទៅលើវិស័យអប់រំ វិស័យ​សុខាភិបាល​ ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជា​ បម្រើនូវសេវាដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ សម្តេចក៏បានជម្រាបជូនលោកបណ្ឌិតផងដែរថា នៅពេលខាងមុខនេះ​ពោល​គឺ​នៅក្នុងអំឡុងខែវិច្ឆិកា សម្ដេចតេជោ នឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១ គឺកិច្ចប្រជុំអាស៊ានកូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គកូរ៉េ ដែលគ្រោង​នឹង​ធ្វើនៅ​ទីក្រុងប៊ូសាន​ នាពេលខាងមុខនេះ។

តបតាមការអញ្ជើញរបស់លោកបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង សម្ដេចតេជោ បានឲ្យរកពេលវេលាណាសមស្របដើម្បីសម្ដេចអញ្ជើញ​​ទៅ​​ទស្សនកិច្ច​​នៅ​សាកលវិទ្យាល័យ កន់យ៉ាង នៃប្រទេសកូរ៉េនោះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ ក៏មាន​គម្រោង​ជួប​ជាមួយ​ពលករខ្មែរ ដែលបម្រើការងារនៅ ឯប្រទេសកូរ៉េនោះផងដែរ៕