អាជ្ញាធរជាតិអគ្គិសនីថា ចង់បាន​អគ្គិសនី​ថេរ​និងថោក ត្រូវរួមគ្នាថែរក្សាការអភិវឌ្ឍ និងសន្តិភាព

196

ភ្នំពេញ ៖ ​ប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម កែវ រតនៈ ​បានថ្លែងថា​​ បើចង់បានតម្លៃភ្លើងថេរ និងថោកត្រូវរួមគ្នាថែរក្សា​​​ការអភិវឌ្ឍ​​និង​​សន្តិភាព​ ខណៈបណ្តាញ ​អគ្គិសនីនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ​ពង្រាយបានជាង៩០ភាគរយហើយ នៅទូទាំង​ប្រទេសនោះ។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីជួបសំណេះសំណាល ​ជាមួយអតីតមន្រ្តីអគ្គិសនី ចូល​និវត្តន៍​ជាង៥រយនាក់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅ​អគ្គនាយកដ្ឋាន អគ្គិសនីកម្ពុជា​​ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ​អគ្គិសនីកម្ពុជា ​នឹងមិនមានបញ្ហាបន្តទៀតនោះឡើយ នាប៉ុន្មានឆ្នាំ​​ខាងមុខនេះ ដោយកម្ពុជា បានទិញ​ពីប្រទេសជិតខាង​សម្រាប់​ផ្គត់ផ្គង់​​និង​បន្ត​ពង្រាយ​បណ្តាញខ្សែភ្លើងជាតិនៅគ្រប់ភូមិទាំងអស់នាពេលខាងមុខនេះផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម កែវ រតនៈ​​ ក៏បានអំពាវនាវ ​ដល់ប្រជាពលរដ្ឋទាំង​​អស់​​ត្រូវរួមគ្នាថែរក្សា​​សុខ​​សន្តិភាព និងការអភិវឌ្ឍផងដែរ ​ដើម្បីឲ្យតម្លៃភ្លើង​អគ្គិសនី​កាន់​តែថោក​ និងថេរ រួមទាំង​​ងាយ​ស្រួល​​ក្នុងការប្រើប្រាស់​ ដោយគ្មានបញ្ហាអ្វីបន្តទៀតនោឡើយ។

ឯកឧត្តម កែវ រតនៈ ក៏បានលើកឡើងអំពីគុណបំណាចរបស់អតីតមន្រ្តី ចូលនិវត្តន៍ផងដែរ​​ដោយ​ឯកឧត្តម ​អះអាងថា ប្រសិនបើគ្នានពួកគាត់ ​​ក៏​វិស័យ​អគ្គិសនីគ្មាន​​ការអភិវឌ្ឍ​រហូត​​ដល់​​សព្វថ្ងៃ​​នេះដែរ​ ។ ​យ៉ាងណា​ក៏ដោយឯកឧត្តម អគ្គនាយក ក៏បានអំពាវនាវដល់ មន្រ្តីចូល​​និវត្តន៍​​ទាំងអស់​​ត្រូវរួមគ្នាថែរក្សាឲ្យបាននៅសុខសន្តិភាព និងការអភិវឌ្ឍនេះ បន្តទៀត ​ផងដែរ៕